ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក សម្រេចបាន​ជាង $៨,៥ ​ពាន់​លាន​

ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៨,៥​​​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១/៥​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​នាំទៅ​អាមេរិក គ្រប​ដណ្តប់​រហូត​ជាង ៩៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​សរុប​

ភ្នំពេញៈ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៨,៥​​​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១/៥​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​នាំទៅ​អាមេរិក គ្រប​ដណ្តប់​រហូត​ជាង ៩៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​សរុប​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​អាមេរិក មានតម្លៃ​សរុប ៨ ៥១០,៤១៣​ លាន​ដុល្លារ​កើនឡើង ២១,៨ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៦ ៩៨៧,៩៩១​លាន​ដុល្លារ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក រយៈពេល ១១​ ខែ ឆ្នាំ ​២០២២ មាន​ទឹកប្រាក់ ៨២១៧,៦១៤​ លាន​ដុល្លារ កើន ២៣ ​ភាគរយ​ពី​ចំនួន ៦ ៦៨០,៤៩៤​ លាន​ដុល្លារ ចំណែក​ទំនិញ​នាំ​ពី​អាមេរិក​មក​កម្ពុជា មាន ២៩២,៧៩៨​ លាន​ដុល្លារ​ធ្លាក់ចុះ ៤,៨​ភាគរយ ពី​ចំនួន ៣០៧,៤៩៧​ លាន​ដុល្លារ​។​

​បើតាម​តួលេខ​នេះ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុ​ជាមាន​ឧត្តមភាព​ប្រមាណ ៧ ៩២៤,៨១៦ ​លាន​ដុល្លារ​។ អាមេរិក​គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ​ដោយមាន​ចំណែក​ទីផ្សារ ៤០,២​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា និង​ឈរ​នៅ​លេខ ១១ ​ជា​ប្រទេស​នាំ​ទំនិញ​មក​កម្ពុជា ដែលមាន​ចំណែក​ទីផ្សារ​ត្រឹម ១,១ ភាគរយ​។​

​ដោយឡែក​បើ​គិតពី​ចំនួន​ទឹកប្រាក់​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២២ គឺមាន​ចំនួន ៦២០,១៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ ២,២៨​ភាគរយ​។ ការនាំ​ចេញពី​កម្ពុជា មាន​ ៦០៥,២៤៦​ លាន​ដុល្លារ ធ្លាក់ចុះ ០,៩​ភាគរយ និង​នាំចូល ២០,២៤១​ លាន​ដុល្លារ ធ្លាក់ចុះ ៣១,២​ភាគរយ​។​

Leave a Reply