លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយបានមកចូលរួមជាមួយ អស់លោក លោកស្រី ក្នុងទិវាបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នាពេលនេះ។ ដូចដែលនាងខ្ញុំ បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ជូនអង្គពិធីទាំងមូលបានជ្រាបរួចហើយ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលា(គ្រប់សាលា) លោកគូ អ្នកគ្រូ និងតំណាងសហគមន៍សាលារៀន ដែលបានយកចិត្តទុកដាក់ក្នុងគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ព្រមទាំងបានយកចិត្តទុកដាក់ក្នុងបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។ ជាក់ស្ដែងតាមរយៈការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់អស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សខេត្តកោះកុងយើងបានប្រឡងជាប់ ចំនួន ៥៧២នាក់ ស្មើនឹង ៥៦,៧៥% នៃចំនួនសិស្សសរុបដោយកើនជាងឆ្នាំមុនដែលបានប្រឡងជាប់តែ ចំនួន ៣៩៤នាក់ ស្មើនឹង ៤០,៩៨% ហើយឆ្នាំនេះខេត្តកោះកុងយើងក៏មានសិស្សទទួលបាននិទ្ទេស A ចំនួន ០៥នាក់ ក្នុងការប្រលងសញ្ញាបត្រទុតិយភូមិ(សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២) កើនជាងឆ្នាំមុន០១នាក់ ក្នុងនោះ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង មានចំនួន០២នាក់ វិទ្យាល័យ ស្រែអំបិល០១នាក់ វិទ្យាល័យប៉ាក់ខ្លង០១នាក់ និងវិទ្យាល័យចាំយាម០១នាក់។ ដើម្បីធានាបាននូវគុណភាពទាំងការគ្រប់គ្រង និងការបង្រៀន នាងខ្ញុំសូមស្នើដល់ មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរចនាសម្ព័ន្ធក្រុង ស្រុក និងគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចចាំបាច់មួយ ចំនួនដូចខាងក្រោម៖
១. ការប្រមូលសិស្សឱ្យចូលរៀន ៖ គ្រឹះស្ថានមធ្យមសិក្សា ត្រូវសហការជាមួយសាលា បឋមសិក្សាចំណុះ ដើម្បីបង្កឱកាសឱ្យសិស្សបានមកចុះឈ្មោះចូលរៀន និងត្រូវសហការជាមួយមាតា បិតាឬ អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដី ប្រមូលសិស្សឱ្យចូលរៀនបានទាន់ពេលវេលា ។
២. ការគ្រប់គ្រងវត្តមានបុគ្គលិក និងសិស្សានុសិស្ស ៖ ពាក់ព័ន្ធការគ្រប់គ្រងវត្តមាន នេះនាងខ្ញុំស្នើឱ្យ គណៈនាយកធ្វើការពង្រឹងវិន័យទាំងបុគ្គលិក និងសិស្សានុសិស្ស ដោយលោកគូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ក្នុងការមកបំពេញការងារឱ្យបានទៀងទាត់ស្របតាមច្បាប់កំណត់ និងស្របតាមកាលវិភាគដែលបានបែងចែកជូនលោកគ្រូ អ្នកគ្រូ និងសូមស្នើដល់គ្រប់គ្រឹះស្ថានសិក្សា សាធារណៈក្នុងខេត្ត អាចបង្កើតជាក្រុមតេឡេក្រាមជាមួយមាតា បិតា ឬអាណាព្យាបាលសិស្សានុស្ស ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងសួរនាំអំពីមូលហេតុនៃការអវត្តមានរបស់សិស្ស និងអាចជម្រាប អំពីលទ្ធផលនៃការសិក្សារបស់កូនពួកគាត់បានជ្រាបឆាប់រហ័ស និងមានភាពងាយស្រួលក្នុងការ គ្រប់គ្រង។
៣. ការរៀបចំបរិស្ថានសិក្សា ៖ គណៈនាយក ត្រូវរៀបចំឱ្យមានកម្មវិធីអប់រំបរិស្ថាន ដូចជា រៀបចំដាំដើមឈើ រៀបចំសួនច្បារ ឱ្យមានសោភ័ណ្ឌភាពស្អាត និងដើម្បីជួយកាត់បន្ថយកម្តៅផងដែរ និងបណ្តុះទំលាប់ល្អៗ ដោយជំរុញឱ្យសិស្សានុសិស្សចេះបោសសម្អាត តុ កៅអី បន្ទប់ រៀបចំសួនច្បារនៅមុខថ្នាក់នីមួយៗ ចេះគ្រប់គ្រងសំរាមដោយធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ និងធ្វើការអប់រំបណ្តុះស្មារតីលុបបំបាត់អំពើហិង្សាទាំងនៅក្នុងនិងក្រៅសាលារៀន មានសីលធ៌មរស់នៅល្អ ជាពិសេសសូមសិស្សានុសិស្សទាំងអស់ចៀសវាងឱ្យបាននូវការសេពគ្រឿងញៀន។ គណៈនាយកត្រូវលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការបង្កើតជា ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ដើម្បីជួយដល់ការងារដឹកនាំ និងគ្រប់គ្រងសកម្មភាពរដ្ឋបាលថ្នាក់រៀន និងសាលារៀន។ ក្រៅពីនេះក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ក៏អាចជួយដល់គ្រូបន្ទុកថ្នាក់ ក្នុងការទាក់ទងជាមួយមាតា បិតា ឬអាណាព្យាបាលរបស់សិស្សដែលរៀនយឺត និងអាចជួយសិស្សរៀន យឺតជាក្រុម ឬម្នាក់ៗផងដែរ។
មុននឹងបញ្ចប់និងជាថ្មីម្ដងទៀត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អស់លោក លោកស្រី ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុង ទិវាបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នាពេលនេះ និងសូមគោរពជូនពរ អស់លោក លោកស្រី គណៈអធិបតី លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរជ័យ ទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើក បវេសនកាលឆ្នាំសិក្សា២០២២-២០២៣ជាផ្លូវការ ចាប់ពីពេលនេះតទៅ ៕
ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣












