រដ្ឋាភិបាល​ចំណាយ​ថវិកា​ជិត ​$៩០០ ​លាន សម្រាប់​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ពេល​ប្រយុទ្ធ​នឹង​កូ​វីដ​

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជិត​ ៩០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ អំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ ជាង ២​ លាន ៧ ​សែន​នាក់ បានទទួល​ប្រាក់​ពី​ការឧបត្ថម្ភ​នេះ

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជិត​ ៩០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ អំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ ជាង ២​ លាន ៧ ​សែន​នាក់ បានទទួល​ប្រាក់​ពី​ការឧបត្ថម្ភ​នេះ​។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​តិ​សម្បទា ឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែមិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​ ២០២២ រដ្ឋា​ភិ​បាល​កម្ពុជា បាន​អនុវត្ត​កម្មវិធី​​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុង​ពេល​ប្រយុទ្ធ​នឹង​កូ​វីដ​ ១៩​ មាន​ចំនួន ១១​ ជុំ និង​ ៣០ ​លើក ដោយ​ក្នុង​នោះបាន​ចំណាយ​ទឹកប្រាក់​ចំនួន​ ៨៩៩,៩០ ​លាន​ដុល្លារ​អាមេរិក​។

​ក្រសួង​បន្តថា ក្នុងនោះ​ចំនួន​សមាជិកគ្រួសារ​ស​រុ​ប​ដែល​ទទួល​បាន​ពី​ការឧបត្ថម្ភ​នេះ មាន​ចំនួន ២ ៧៨៣ ៨០៣ ​នាក់ នៃ​ចំនួន​ ៧០៥ ៧៦៦ ​គ្រួសារ​។ ពលរដ្ឋ​ដែល​ទទួលផល ក្នុងនោះ​កុមារ​ចាប់ពី​អាយុ ០-៥ ​ឆ្នាំ មាន​ចំនួន​ ១៦៥ ៤២៦​ នាក់ មនុស្ស​វ័យចាស់ អាយុ​ពី​ ៦០​ ឆ្នាំ​ឡើងទៅ ចំនួន​ ៣៦៥ ៧៤២​ នាក់ ជន​មាន​ពិការ​​ភាព​ចំនួន ៦៤ ៤៣៧​ នាក់ និង​គ្រួសារ​ដែលមាន​ជំងឺអេដស៍ មាន​ចំនួន​ ២០ ៣៨​ នាក់​។​

​សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ១១​ លើក​ទី​ ៣ នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២៣ ដែលមាន​រយៈពេល​ ៣០​ ថ្ងៃ សម្រាប់ ទៅ​ដក​ប្រាក់​។ ក្រសួង​សង្គមកិច្ច ស្នើឱ្យ​អ្នកទទួលផល​ទាំងអស់​ប្រើប្រាស់​ថវិកា ដែល​ទទួលបាន​ពី​កម្មវិធី​ឱ្យបាន​ត្រឹមត្រូវ ដោយ​ចៀសវាង​ការប្រើប្រាស់ ក្នុង​គោល​បំណង​បម្រើឱ្យ​អបាយមុខ​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត គោលនយោបាយ​របស់​រា​ជ​រដ្ឋា​ភិ​បាល ក្នុងការ​ផ្តល់​ការអន្តរាគមន៍​ជំនួយ​សង្គម​ជា​សាច់ប្រាក់​នេះ​។

Leave a Reply