រសៀលថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ចូលរួមបុណ្យសព មហាឧបាសិកាពុទ្ធសាសននូបត្ថម្ភក៏ ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាម្តាយបង្កើតរបស់ លោកជំទាវ ពុំ ចន្ទីនី ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៤:២២នាទី ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវ សាយ ចាន់ណាក់ បានពាំនាំនូវការរំលែកទុក្ខពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផ្តាំផ្ញើចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ស៊ុយ ស៊ុំម៉ាឡៃ គឺជាការបាត់បង់នូវម្តាយបង្កើតជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហាធម៌ និងសង្គហធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន កូនចៅប្រកបដោយគន្លងធម៌ និងបានជួយកិច្ចការសង្គមអោយមានការអភិវឌ្ឍ ជារៀងរហូតមក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ស៊ុយ ស៊ុំម៉ាឡៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។













