គម្រោងសាងសង់សរុប ៣ ៤០៧ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តក្នុងរយៈពេល ១០ ខែឆ្នាំ ២០២២ ធ្លាក់ចុះជាង ៥ ភាគរយបើ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈទុនវិនិយោគធ្លាក់ជាង ៥៧ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារនិន្នាការសេដ្ឋកិច្ចសង្គម ប្រចាំខែតុលា ឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ ក្រសួងរៀបចំដែនដី បានអនុញ្ញាតឱ្យគម្រោងសាងសង់ ៣ ៤០៧ គម្រោង ធ្លាក់ចុះ ១៩១ គម្រោងឬស្មើនឹង ៥,៣ ភាគរយបើធៀបរយៈពេល ១០ ខែ ឆ្នាំ ២០២១។ ចំនួនគម្រោងដែលបានអនុម័តខាងលើ គឺមានទុនវិនិយោគសរុប ២ ១៩០ លានដុល្លារ ធ្លាក់ចុះ ៥៧,២ ភាគរយ ក្នុងនោះប្រភេទសំណង់លំនៅឋាន មាន ៣ ០១៨ គម្រោង(ស្មើ ៨៨,៥៨ ភាគរយនៃសំណើសុំសាងសង់សរុប) ធ្លាក់ចុះ ៩១ គម្រោង។