លោក ហេង គុណលាង អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ធ្នូនេះថា ភូមិដែលបានភ្ជាប់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនី មានចំនួន ១៤១៥១ភូមិ ស្មើនឹង៩៩,៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេសនៅឆ្នាំ២០២២ នេះ។ ចំណែកភូមិ ដែលបណ្តាញជាតិ ផ្គត់ផ្គង់អគិ្គសនីទៅមិនទាន់ដល់មានចំនួន ២៤៥ភូមិ ស្មើនឹង ១,៧៣% ។
លោកបានបន្តថា ភូមិដែលមិនទាន់មានបណ្តាញអគ្គិសនីទាំងនោះ ជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សា ដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឲ្យទៅដល់។
ទោះបីជាយ៉ាងនេះក៏ដោយ រាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយឲ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះ មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន តាមរយៈការផ្គល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គម របស់មូលនិធីអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួន ហើយលំនៅដ្ឋានមួយចំនួនទៀត ក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ។
លោកបានបន្ថែមទៀតថា ក្រុមការងាររួមរបស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាបន្តដោះស្រាយការផ្គត់ផ្គង់អគ្គិសនីឲ្យភូមិដែលនៅសល់ ទាំងនេះតាមករណីនីមួយៗរហូតដល់បញ្ចប់។
គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលនឹងសាងសង់ស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូច ដើរដោយពន្លឺព្រះអាទិត្យនៅភូមិដាច់ស្រយាលចំនួន៩ ក្នុងនោះ នៅខេត្តរតនគីរីដែលមាន៣ភូមិ និងខេត្តកំពង់ឆ្នាំងមាន៦ភូមិ ដើម្បីឱ្យប្រជាជនទទួលបានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយថាមពលស្អាតនិងមានតម្លៃសមរម្យ ។ គម្រោងបានចាប់ផ្តើមអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ដែលមានថវិកាសរុបចំនួន២០០លានយេនប្រហាក់ប្រហែល១,៦២លានដុល្លាអាមេរិកដើម្បីផ្តល់ឱ្យប្រជាជនចំនួន ១៣០០ខ្នងផ្ទះដែលថវិកាទាំងនេះមានការគាំទ្ររបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា៕