ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧១១ លានដុល្លារ កើនឡើង ១,២៩ ភាគរយ ពីចំនួន ៧០១ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ការនាំចេញពីកម្ពុជាទៅកូរ៉េ មានទឹកប្រាក់ជាង ២០៧លានដុល្លារ កើនឡើង ២០,២៦ ភាគរយពីចំនួន ១៧២ លានដុល្លារ និងការនាំចូលពីប្រទេសកូរ៉េ មានទឹកប្រាក់ ៥០៣ លានដុល្លារ ធ្លាក់ចុះ ៤,៨៧ ភាគរយពីចំនួន ៥២៩ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កង់ ផលិតផលធ្វើពីឈើ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ទើបបានចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ រំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។