នាយករដ្ឋមន្រ្តី ប្រកាសមិនឱ្យតំឡើងថ្លៃអគ្គិសនី និងណែនាំឱ្យទប់ស្កាត់ការតំឡើងថ្លៃប្រេង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថាលោកមិនអនុញ្ញាតឱ្យមានការតំឡើងថ្លៃអគ្គិសនីដើម្បីទប់ទល់ទៅនឹងការខាតបង់នោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថាលោកមិនអនុញ្ញាតឱ្យមានការតំឡើងថ្លៃអគ្គិសនីដើម្បីទប់ទល់ទៅនឹងការខាតបង់នោះទេ។

ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថាបើទោះបីរដ្ឋខាតបង់អស់ច្រើនយ៉ាងណាក៏ដោយ ក៏មិនឱ្យតំឡើងថ្លៃភ្លើងដាច់ខាត ព្រោះបើហ៊ានតែតំឡើងថ្លៃ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវភាពប្រជាជន ក៏ដូចជាប៉ះពាល់កាន់តែខ្លាំងដល់សហគ្រាស រោងចក្រនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជួបជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋនៅក្រៅប្រទេស សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំទៅដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើការសម្របសម្រួល និងត្រូវមានយន្ដការច្បាស់លាស់ដើម្បីទប់ស្កាត់ការតំឡើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា មិនអាចឱ្យមានការតំឡើងថ្លៃប្រេងតាមតែអំពើចិត្តនោះទេ។ 

ជាការកត់សម្គាល់ ចាប់តាំងពីមានការផ្ទុះឡើងនូវសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ពិសេសការកើនឡើងជាបន្តបន្ទាប់នូវតម្លៃប្រេងឥន្ធនៈ និងថ្លៃទំនិញកើនខ្ពស់។ យ៉ាងណាមិញទាក់ទិនទៅនឹងការផ្ទុះឡើងនូវសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែននេះ មិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងនោះទេ ថែមទាំងបានធ្វើឱ្យពិភពលោកជួបប្រទះនូវវិបត្តិថាមពលផងដែរ៕ 

Leave a Reply