សំណើ និងសំណូមពរ អំពីបញ្ហាកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងត្រង់ចំនួន៤០ករណី ត្រូវបានដោះស្រាយទាំងស្រុងនៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះជួយស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព និងមន្ទីរ អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ដែលធ្វើនៅបរិវេណវត្តសុវណ្ណរតនសោភណ្ឌមុនី ស្ថិតក្នុងឃុំព្រះ អណ្តូង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
នៅក្នុងអង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនោះ មានប្រជា ពលរដ្ឋជាច្រើនរូបបានលើកឡើងនូវសំណើ និងសំណូមពរ អំពីបញ្ហាកង្វល់ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមមាន៖ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ, ការចុះសំបុត្រអត្រានុកូលដ្ឋាន និងការងារដោះស្រាយទំនាស់ដីធ្លីជាដើម។
ឯកឧត្តម ខ្លូត ផន ក្រុមប្រឹក្សាខេត្តកំពង់ចាម បានមានប្រសាសន៍ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផល ដែលរដ្ឋបាល ខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពី សកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅ នឹងសំណើទាំងឡាយ និងបញ្ហាប្រឈមនានា ចំពោះកិច្ចការអភិវឌ្ឍមូលដ្ឋាន ដល់រដ្ឋបាលខេត្ត ធ្វើការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈាន ទៅធ្វើការកែលំអ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់ បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានទទួល យកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងព្រមទាំង បានធ្វើការដោះស្រាយ ដោយផ្ទាល់នៅនឹងកន្លែងជាមួយអង្គភាពពាក់ព័ន្ធទៅតាមសំណើ និងសំណូមពរ អំពីបញ្ហាកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានចំនួន៤០ករណី ហើយបញ្ហា ដែលនៅសេសសល់ នឹងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្ត បន្តទៀត៕


















