ព្រឹទ្ធសភា ឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

  ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតី បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺនេះបានយ៉ាងល្អ ទាំងការការពារសុខភាពសាធារណៈ ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើង វិញ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២១ និងបានធ្វើឱ្យសកម្មភាព សង្គម-សេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 

 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាថា ថវិកាឆ្នាំ២០២៣នេះ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ការធានាដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាការបន្តនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការសម្រេចឱ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៨៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។ជាមួយគ្នានេះ ព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន២ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ៣ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិផងដែរ៕

Leave a Reply