ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ព្រឹទ្ធសភា នឹងឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើរផលប្រយោជន៍ ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា បន្ទាប់ពីបាន ពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបន្តសម័យប្រជុំពេញអង្គលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។
ឯកឧត្ដម ម៉ម ប៊ុននាងបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពជួយដល់រាជរដ្ឋាភិបាល ត្រូវការថវិកាសម្រាប់ចំណាយតាមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិតាមស្ថានភាពជាក់ស្ដែង ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ព្រឹទ្ធសភាក៏ត្រូវពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖១-ពិធីសារ ទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន ២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិផងដែរ៕
