អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត លោក ស្នងការនគរបាលខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត លោក ស្នងការនគរបាលខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា (អ្នកចេះ គឺជាប់)។

តាមការបញ្ជាក់របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២នេះ មានបេក្ខជន បេក្ខនារីសរុបចំនួន ៥៤៣នាក់ ស្រី ២៩៥នាក់ ក្នុងនោះបេក្ខជនជាជនជាតិដើមភាគតិច ១៦៧នាក់ ស្រី ៨៨នាក់ មានមណ្ឌលសរុប ០២ មណ្ឌល និងបន្ទប់សរុប ២៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រសង្គម សរុបចំនួន ៤១២នាក់ ស្រី ២១៣នាក់ ស្មើនឹង ១៨បន្ទប់ ថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ១០៣នាក់ ស្រី ៦៤នាក់ ស្មើនឹង ០៥បន្ទប់ និងគណៈកម្មការមេប្រយោគ ប្រឡងសរុបចំនួន ៧៣នាក់ ស្រី ២៣នាក់។ លោក ប្រធានមន្ទីរ បញ្ជាក់ថា ចំពោះបេក្ខជនម្នាក់ បន្ទប់លេខ៩ នៅវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ខាងត្បូង ថ្នាក់វិទ្យាសាស្រ្តសង្គម ទេីបនឹងវះកាត់ពោះវៀនដុះខ្នែងរួច លោកប្រធានមណ្ឌល និងគណៈត្រួតពិនិត្យអគារបានអនុញ្ញាត ឱ្យបេក្ខជនប្រឡងក្នុងបន្ទប់សុភាព។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការប្រឡងនេះ មានការរៀបចំតឹងរឹងដូចរៀងរាល់ឆ្នាំ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង ២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឲ្យបេក្ខជនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រលងបានទេ ដោយការប្រលងគឺបេក្ខជនត្រូវ បង្ហាញសមត្ថភាពពិតៗ។

នៅក្នុងបរិវេនមណ្ឌលប្រឡង ត្រូវគេឃើញថាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ ពីបេក្ខជន ដើម្បីកាពារសុវត្ថិភាពលើមធ្យោបាយ បន្ថែមលើសនេះ នៅក្នុងបរិវេណមណ្ឌលប្រឡង ក៏មានកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏ត្រូវមានវត្តមាន នៅទីនោះថែមទៀតផង។

សូមបញ្ជាក់ថា ចំពោះបេក្ខជន បេក្ខនារី ដែលមកពីបណ្តាស្រុក ក្នុងខេត្តមណ្ឌលគិរី ដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី គឺមាន ម៉ូតែលពេជ្រគិរី និងផ្ទះសំណាក់មួយចំនួនទៀត បានឧបត្ថម្ភបន្ទប់ស្នាក់នៅ ដើម្បីជួយសម្រួលការលំបាកដល់បេក្ខជន បេក្ខនារី ទាំងអស់ ក្នុងការផ្សារភ្ជាប់ជាមួយកាងារសង្គម ព្រោះចំនួនសិស្សបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អាចប្រឈមបញ្ហាស្នាក់នៅផងដែរ៕

Leave a Reply