នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង) ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស លោកនាយករដ្ឋបាលសាលាខេត្ត គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមផ្ដល់ការលើកទឹកចិត្តដល់សិស្សទាំងអស់ សូមឱ្យមានការតាំងចិត្ត ក្នុងការធ្វើសំណួរចម្លើយ ត្រូវខិតខំសរសេរ ឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺ ត្រូវយកអ្វីដែលយើងបានខិតខំពីមុនមក ដោយធ្វើការប្ដេជ្ញាបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បី ប្រជែងយកពិន្ទុឲ្យបានល្អប្រសើរ ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា វិញ្ញាសារប្រឡងនាពេលនេះ គឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរខេត្ត ពោលគឺ ពុំមានការបែកធ្លាយនោះឡើយ ។ ដូច្នេះ សូមក្មួយៗកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរ ចម្លើយ សរសេរឲ្យបានច្រើន ចៀសវាងការបើកចម្លង និងលួចចម្លងគ្នា ដែលប្រាស់ចាកពីបទបញ្ជាផ្ទៃក្នុង របស់ក្រសួងអប់រំកំណត់នោះ។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមអភិបាលខេត្ត បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ចាម មានមណ្ឌល ១៤មណ្ឌល ស្មើនឹង ៣៣៥បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ០៩មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គម ០៥មណ្ឌល ហើយគ្រប់មណមានបេក្ខជនសរុបចំនួន ៨.៣០៧នាក់។ បច្ចុប្បន្ន នៅគ្រប់មណ្ឌលប្រលងនីមួយៗ គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចកំពុងប្រចាំការ ដើម្បី ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ដល់កិច្ចដំណើរការប្រលង ឲ្យទទួលបានលទ្ធផលល្អប្រសើរ ផងដែរ៕





