នាថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង សហការជាមួយក្រុមការងារអន្តរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ ណែនាំ និងជំរុញការចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ក្រុមការងារអន្តរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដនស) ដឹកនាំដោយ ឯកឧត្តម ប៉ាត សុខ ទីប្រឹក្សាក្រសួង ដ.ន.ស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(សហវ) ដឹកនាំដោយ លោក ម៉ាក់ ចាន់ដារ៉ា ប្រធាននាយកដ្ឋាន នៃក្រសួងស.ហ.វ ក្នុងជំនួប នៃកិច្ចកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ ណែនាំ និងជំរុញការចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ក្នុងជំនួបខាងលើ បណ្ឌិតអភិបាលរងខេត្ត បានជម្រាបជូន ក្រុមការងារអន្តរក្រសួង និងសមាជិក សមាជិកា នៃកិច្ចប្រជុំថា តាមរយៈទិន្នន័យបឋមក្នុងខេត្តទាំងមូល ដីរដ្ឋ មានចំនួន ៤៤២ទីតាំង ដែលក្នុងនោះ មានចំនួន ១៤៨ទីតាំង បានចុះបញ្ជីរួច និងមានចំនួន ២៤៤ទីតាំង មិនទាន់ចុះបញ្ជី។
ជាលទ្ធផលឆ្លើយតប ចំពោះទិន្នន័យ ដែលបានលើកឡើង ក្រុមការងារអន្តរក្រសួង បានជម្រាបជូនថា រាជរដ្ឋាភិបាល នឹងជំរុញការចុះបញ្ជីដីរដ្ឋ ឲ្យបានចប់ជាស្ថាពរត្រឹមដំណាច់ឆ្នាំ ២០២៣។ ដូចនេះ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព ក្រុមការងារស្នើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទាំងអាជ្ញាធរ កាន់កាប់ និងអាជ្ញាធរប្រើប្រាស់ រួមមាន ៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត
១.ធ្វើការស្រង់ទិន្នន័យសារពើភណ្ឌរបស់ខ្លួនឲ្យបានច្បាស់លាស់ រួចស្នើសូមធ្វើការចុះបញ្ជីដីរដ្ឋ ដោយកំណត់ពីអាទិភាពស្នើសូមចុះបញ្ជី ទីតាំងដែលមិនមានទំនាស់មុន ពោលគឺទីតាំង ដែលមានឯកសារគតិយុត្តគ្រប់គ្រាន់ និងបន្តបន្ទាប់ អនុវត្តចំពោះដីដែលមានទំនាស់ ទាំងទំនាស់ រដ្ឋ និងរដ្ឋ រដ្ឋនិងប្រជាពលរដ្ឋ។
២.ត្រូវរៀបចំឧទ្ទេសនាមបុគ្គលតំណាង រដ្ឋបាល មន្ទីរ អង្គភាព ដោយភ្ជាប់មកជាមួយនូវឯកសារ គតិយុត្តពាក់ព័ន្ធ
៣.ស្នើឲ្យបុគ្គលតំណាង ចូលរួមសហការ ជាមួយក្រុមការងារអន្តរក្រសួង និងអ្នកពាក់ព័ន្ធ ក្នុងបំពេញសលាកប័ត្រព័ត៌មាន និងសំណុំឯកសារផ្សេងៗ៕








