ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្ត ប៉ៃលិន បានជួបសំណេះសំណាលជាមួយម្ចាស់សៃឡូ និងលានហាល ទទួលទិញកសិផល នៅក្នុងខេត្ត ដើម្បីលើកកម្ពស់ទីផ្សារកសិផលអោយបានកាន់តែល្អប្រសើរឡើង ដែលកត្តាដ៏សំខាន់ក្នុងការជួយ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយកាត់បន្ថយភាព ក្រីក្ររបស់រាជរដ្ឋាភិបាល ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើ យ៉ាងណាចង់ឲ្យទីផ្សារកសិផលរបស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើអោយពលរដ្ឋ មានជីវភាពធូរធាដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សារ កសិផលជូនប្រជាពលរដ្ឋ ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារ កសិផល ឲ្យកាន់តែសម្បូរបែបដែលនេះជាឱកាសមួយដែលអាចជួយឲ្យប្រជាកសិករមានភាពងាយ ស្រួលក្នុងការទិញ-លក់ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញ អោយ ក្រសួងពាណិជ្ជ កម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីផលិត ផល ខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផលការកែច្នៃ និងការវេចខ្ចប់ជាដើមដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅ ប្រទេស ជាពិសេសត្រូវរៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ស្របតាមគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រាប់ឆ្នាំ២០១៦ ដល់ ២០២៦ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ស្ថាប័នជំនាញពាក់ ត្រូវខិតខំរកដំណោះស្រាយ បញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបញ្ហាផលប៉ះពាល់បរិស្ថានតាមសៃឡូ ដូចជា៖ ជះក្លិនមិនល្អ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុង អូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ត្រូវពិនិត្យមើល ជញ្ជីងថ្លឹងកសិផល នៅតាមទីតាំងទិញ-លក់ កសិផល អោយមានភាពសុក្រឹតត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ជៀសវាងការកេញចំណេញដោយប្រការណាមួយ ដែលធ្វើ អោយបាត់បង់ ទំនុក ចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអាជីវកម្មសៃឡូ (ទិញ-លក់កសិផល) ក្នុងខេត្តប៉ៃលិន មានចំនួន ៤៨ កន្លែង ក្នុងនោះក្រុងប៉ៃលិន មានចំនួន២៥កន្លែង និងស្រុកសាលាក្រៅមានចំនួន២៣កន្លែង ដោយបានចុះ បញ្ជីពាណិជ្ជកម្មមានចំនួន៣៦កន្លែង មិនទាន់ចុះបញ្ជីមានចំនួន១២កន្លែង អាជីវកម្មកំពុងដំណើរការមានចំនួន ៣៧កន្លែង និងផ្អាកអាជីវកម្មមានចំនួន៩កន្លែង ៕
















