គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភ ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្ស មួយទៅគណបក្សមួយ ដើម្បីប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះទេ។ ហើយលើកទឹកចិត្ត ឲ្យអ្នកនយោបាយ អនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួន ដោយទូលំទូលាយ ដោយឆន្ទៈ និងគ្មានការភ័យខ្លាច។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថាៈ ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយ ទៅគណបក្សមួយ គឺជាសិទ្ធិនយោបាយ របស់អ្នកនយោបាយ និងគណបណក្សនយោបាយ ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា អត់មានយល់ទាស់ អត់មានរារាំង ថ្នាំងថ្នាក់អ្វីទេ គឺលើកទឹកចិត្តឲ្យអ្នកនយោបាយអនុវត្ត នូវសិទ្ធិនយោបាយរបស់ខ្លួន ដោយទូលំទូលាយ ដោយគ្មានការភ័យខ្លាច ដោយឆន្ទៈរបស់ខ្លួន។
ឯកឧត្តម សុខ ឥសាន បានបន្តថាៈ គណបក្សប្រជាជនកម្ពុជា មិនមានការភ័យព្រួយ ចំពោះការប្រកួតប្រជែង ជាមួយគណបក្សនយោបាយ ទាំងនោះទេ ហើយជាការធមម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺវាតែងតែមានការប្រកួតប្រជែងហើយ និងជារឿងធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យសេរី។