(វិមានឯករាជ្យ)៖ ព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២…។
ពិធីបុណ្យខួបនេះធ្វើឡើង ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរការដឹងគុណថ្ងៃទិវាជាតិប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ ពោរពេញទៅដោយ បទពិសោធន៍កំពូល ហើយក្នុងនោះក៏មានខេត្តកំពង់ធំមួយក្នុងការចូលរួមធ្វើចលនាទាមទារ។



















