អ្នករកស៊ីវិស័យស្រូវ​អង្ករ​កម្ពុជា ​ស្នើ​សុំឱ្យក្រសួង​កសិកម្ម​ជួយ​ជំរុញច្រវាក់ផលិតកម្មស្រូវអង្ករ

អ្នករកស៊ី​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ជំរុញ​ខ្សែ​ច្រវាក់​ផលិត​កម្មក្នុង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ ទៅ​ទីផ្សារ​ដែល​មាន​សក្ដា​នុពល ជា​ពិសេស​ទីផ្សារ​ថ្មីៗ ដើម្បី​ផ្ដល់​ប្រាក់់​ចំណូល​ជូន​ដល់​កសិករ។ការ​ស្នើ​ឡើង​នេះ នៅ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្មី និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុង​គោល​បំណង​​ផ្តោត​លើ​​ផលិត​​កម្ម​​ពូជ​​ស្រូវ និង​​ការ​​នាំ​​ចេញ​​អង្ករ

ភ្នំពេញ៖អ្នករកស៊ី​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ជំរុញ​ខ្សែ​ច្រវាក់​ផលិត​កម្មក្នុង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ ទៅ​ទីផ្សារ​ដែល​មាន​សក្ដា​នុពល ជា​ពិសេស​ទីផ្សារ​ថ្មីៗ ដើម្បី​ផ្ដល់​ប្រាក់់​ចំណូល​ជូន​ដល់​កសិករ។ការ​ស្នើ​ឡើង​នេះ នៅ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្មី និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុង​គោល​បំណង​​ផ្តោត​លើ​​ផលិត​​កម្ម​​ពូជ​​ស្រូវ និង​​ការ​​នាំ​​ចេញ​​អង្ករ។ 

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ថា ជំនួប​​ប្រជុំ​ព្រឹក​មិញ​នេះ បាន​ដឹក​នាំ​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ឯកឧត្តម ឌិត ទីណា ដែល​បាន​ពិគ្រោះ​គ្នា​ក្នុង​ការ​ផ្ដោត​​សំខាន់​ទៅ​លើ​ផលិត​កម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ។

លោក ហ៊ុន ឡាក់ថា៖ «ក្នុង​កិច្ច​ប្រជុំ​នេះ រដ្ឋ​មន្ត្រី​កសិកម្ម​បាន​​លើក​យក​បញ្ហា​អាទិភាព​​ចំពោះ​មុខ គឺ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​ផែនការ​ជា​បន្ទាន់រយៈ​ពេល​ខ្លី ដែល​ជា​ផែន​ការ​ជំរុញ​ផលិត​កម្ម​ពូជ​ស្រូវ​សែន​ក្រអូប​សូន្យ​មួយ ដែល​បាន​បញ្ចេញ​ដោយ​កាឌី ហើយ​ពូជ​ស្រូវ​ហ្នឹង គឺ​ចង់​ផ្ដោត​ទៅ​លើ​ពូជ​ស្រូវ​ភាព​សុទ្ធ​ល្អ ​ដែល​ចំណាយ​ពូជ​ស្រូវ​តិច និង​ផលិត​បាន​នូវ​ទិន្នផល​ខ្ពស់ ហើយ​ធន់​នឹង​ជំងឺ និង​សត្វ​ល្អិត»

លោកថា ផែន​ការ​ផលិត​ពូជ​ស្រូវ​នេះ គឺ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯកជនជាពិ​សេស​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវ​ធ្វើ​យ៉ាង​ណា រៀប​ចំកិ​ច្ច​សន្យា​ទទួល​ទិញ​អំពី​ផលិតផល​ស្រូវ​របស់​កសិករ ដែល​ពួក​គាត់​ទទួល​យក​ពូជ​នេះ​មក​ដាំ។

លោកបន្ថែមថា ៖ «ខាង​សហព័ន្ធ​ស្រូវ​អង្ករ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ចំពោះ​កសិករ​ដែល​បាន​ប្រើ​ប្រាស់​ពូជ​តំណ​គ្នា ។ពូជ​ក្លាយ ដែល​ធ្វើ​ឱ្យទិន្នផល​ស្រូវ​ទាប ហើយ​ភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​ ត្រូវ​ធ្លាក់​ចុះ»

ចំណែក​អ្នក​ស្រី គឹម ស្រីរ័ត្ន អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា បាន​ប្រាប់​ថា​ការ​ប្រជុំ​ព្រឹក​នេះ ខាង​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជាបាន​សំណូម​ពរ​ទៅ​ក្រសួង​កសិកម្មឱ្យ​មាន​ការ​​វិនិយោគ​បន្ថែម​លើ​ការ​គ្រប់​គ្រង​ដំណាំ​ស្រូវ។ រៀប​ចំ​យុទ្ធសាស្ត្រ​ស្រូវ​អង្ករ​ក្នុង​ដំណាក់​កាល​ថ្មី ២០២៣-២០៣០ និង​ស្នើ​ឱ្យគ្រប់​ក្រសួង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​ឡើង​វិញ។

ក្រៅ​ពី​នេះ​ទៀត ​អ្នកស្រីថា ​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ត្រូវ​រៀប​ចំ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​កសិករ លើ​ជំនាញ​បច្ចេក​ទេស​ដាំ​ដុះ ការ​ប្រើ​ប្រាស់​ជី ថ្នាំ​ពុល​កសិកម្ម និង​ពូជ ក្នុង​កម្រិត​ទ្រង់​ទ្រាយ​ធំ តាម​រយៈ​ការ​ផលិត​វីឌីដេអូ​ផ្សព្វ​ផ្សាយនិង​សុំ​ឱ្យ​ក្រសួង​​កសិកម្ម​ត្រូវ​រៀប​ចំ​ការ​ចុះ​បញ្ជី​ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទៅ​ប្រទេស​ចិន​បន្ថែម​ទៀត ទោះ​បី​ជា​ការ​ងារ​នេះ ត្រូវ​បាន​ឯកភាព​ជា​គោល​ការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្មរួច​ហើយ​ក៏​ដោយ។

អ្នកស្រី គឹម ស្រីរ័ត្នថា«យើង​ចង់​ឱ្យក្រសួង​កសិកម្ម​ផ្តោត​ទៅ​លើ​ការ​ផលិត​ស្រូវ​ពូជ​ ដែល​មាន​គុណភាព​ល្អ សុទ្ធ​ល្អ ហើយ​ចែក​ចាយ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ឬ​មួយ​កសិករ​សហគមន៍ណា ដែល​គាត់​អាច​យក​ទៅ​ធ្វើ​ស្រូវ​ពូជ ហើយ​បន្ត​ចឹង​ទៅ​ទៀត​បាន ដើម្បី​យើង​កិន​ជាអ​ង្ករ​មកបាន​ភាព​សុទ្ធ ​មាន​គុណ​ភាព​ល្អ»

អ្នកស្រី​បន្ត​ថា កាល​ពី​ឆ្នាំ​មុនៗ ខាង​សហព័ន្ធ​មាន​អង្ករ​សែន​ក្រអូប និង​អង្ករ​រំដួល ដែល​ភាព​សុទ្ធ ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​សារ​កត្តា​កសិករពេល​ខ្លះ​ពួកគាត់​បាន​ប្រើ​ប្រាស់​ពូជ​ស្រូវ​ដ​ដែលៗ​ច្រើន​ដង​ពេក ដោយ​មិន​បាន​ទិញ​ពូជ​ល្អៗ​ពី​កន្លែង​លក់ឬ​មួយ​ក៏​ពួកគាត់​ដាំ​ដុះ​ទៅ វា​មាន​ការ​ឆ្លង​ពី​ពូជ​មួយ​ទៅ​ពូជ​មួយ​ទៀត។ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យគុណភាព​អង្ករ​ឆ្នាំ​មុនៗ មាន​ការ​ធ្លាក់​ចុះ។

អ្នកស្រី​បន្ថែម​ថា៖ «និយាយ​សរុប​ជា​រួម​មក គឺ​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍនិង​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​ផ្នែក​គុណភាព​ស្រូវ ឱ្យ​ចេញ​ជា​អង្ករ​ល្អ គុណភាព​ល្អ ហើយ​មាន​តម្លៃ​សម​រម្យ»

រដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តម  ឌិត ទីណា ទទួលស្គាល់ថាការងារជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្មនិងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់។ លោកថា ការជ្រើសរើសពូជក៏ត្រូវអត្រាដុះខ្ពស់ ធំលឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺនិងសត្វល្អិត ទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។ឯកឧត្តមលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។ឯកឧត្តមរដ្ឋមន្ត្រីស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការជាក់ស្ដែង។

ទិន្នន័យពីសហព័ន្ធវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ២០២២នេះ កម្ពុជាមាននាំចេញជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក ទៅកាន់គោលដៅចំនួន៦០ប្រទេស ដែលក្នុងនោះមានតំបន់មជ្ឈិមបូព៌ាផងដែរ៕ 

Leave a Reply