អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ចក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានឡើងអានសេចក្តីសម្រេចប្រកាសទទួលស្គាល់ក្រុមការងារចុះជួយទាំង០៧ក្រុង-ស្រុក រួមមានៈ

*ក្រុមការងារចុះជួយមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាប្រធាន ខណៈឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត ជាសមាជិក

* ក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយមូលដ្ឋានក្រុងសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត និងឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកក្រូចឆ្មារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកមេមត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងឯកឧត្តម ណុប ឡង់ឌី អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកពញាក្រែក ឯកឧត្តម វង សូត ជាប្រធាន ខណៈឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកតំបែរ ឯកឧត្តម ឌិត ឌីណា ជាប្រធាន ខណៈលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ជាសមាជិក។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការជំរុញដល់គណៈអភិបាលខេត្តត្បូងឃ្មុំទាំង១០រូប ព្រមទាំងលោក-លោកស្រី នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងទាំង០៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សឃុំ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ មានវត្តមាននាពេលនេះ ក៏ដូជាជាសមាជិកនៃក្រុមការងារចុះជួយមូលដ្ឋានទាំង០៧ក្រុង-ស្រុក ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមសហការគ្នាជាធ្លុងមួយ ចុះជួបដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា <<មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ពលរដ្ឋនោះទេ ត្រូវតែបម្រើឲ្យអស់ពីចិត្តពីដៃពីជើងដោយស្មោះត្រង់ ពេលពលរដ្ឋមានទុក្ខ ត្រូវមានវត្តមានពួកយើង>>។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា លោក-លោកស្រី ក្រុមការងារទាំងអស់ពិសេសមេឃុំ-ចៅសង្កត់ ចាំបាច់ចុះឲ្យដល់មូលដ្ឋានឲ្យដល់ខ្នងផ្ទះ ជួយផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ឲ្យបងប្អូនជ្រួតជ្រាប កុំឲ្យជនអគតិប្រើគោលនយោបាយប្រជាភិថុត បង្ខូចមួលបង្កាច់រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងកេងចំនេញនយោបាយ ដើម្បីតែចង់បានសន្លឹកឆ្នោត។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញឲ្យក្រុមការងារត្រូវចុះក្តាប់ជាប់នូវបញ្ហាប្រឈមពលរដ្ឋ ដោះស្រាយឲ្យបាន ធានាសុខុមាលភាពទាំងរាំងកាយនិងសតិអារម្មណ៍ពលរដ្ឋ ពិសេសពាំនាំសារនានារបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត ជូនដល់ពលរដ្ឋនូវគោលនយោបាយល្អៗដែលបានដាក់ចេញ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនសម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាក់ស្តែងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមរតាមរយៈក្រ១ ក្រ២ ការឧបត្តម្ភនៃរដូវកាលកូវីដ១៩ជាដើម ដែលសុទ្ធសឹងជាការចំណាយថវិការបស់រាជរដ្ឋាភិបាលរាប់រយលានដុល្លារ ដើម្បីជួយដល់បងប្អូនយើង។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មេឃុំ-ចៅសង្កាត់ ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា” ភូមិ ឃុំ ស ស្អាត ” ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

Leave a Reply