(រដ្ឋធានីហាណូយ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នារសៀលថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានអនុញ្ញាតអោយ លោកជំទាវ ហា ធីង៉ា សមាជិការដ្ឋសភា និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម…។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យល្អបវរមហាប្រសើរពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ជូនលោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ នៃសហព័ន្ធនារីវៀតណាម។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយណាស់ ដោយបានឃើញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាំងពីររីកចម្រើនឥតឈប់ឈរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាម សម្តេចសូមគាំទ្រ និងលើកទឹកចិត្តអោយជំរុញកិច្ចសហប្រតិបត្តិការនានា ផ្លាស់ប្តូរទស្សនកិច្ចដឹកនាំ និងមន្រ្តីជំនាញដើម្បីរៀនសូត្រ ដកស្រង់បទពិសោធន៍ក្នុងការលើកកម្ពស់សិទ្ធ និងតួនាទីរបស់ស្ត្រីក្នុងសង្គម។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបលោកជំទាវ បានជ្រាបផងដែរថា បច្ចប្បន្នគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសមាសភាពជាស្រ្តីអោយចូលបម្រើការងារ តាមរយៈមុខងារបោះឆ្នោត មុខងារសាធារណៈ និងវិស័យេកជន។



