គ.ជ.ប៖ រយៈពេល២ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺចាប់ពី២០-២១ ខែតុលា ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺចាប់ពី២០-២១ ខែតុលា ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

គ.ជ.ប បានបន្តថា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅទូទាំងប្រទេសគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៥.៧៣២នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤១៥ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.០២៨ នាក់។

គ.ជ.ប បានបញ្ជាក់ថា សម្រាប់សរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែតុលា លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៣២.១៦៥នាក់។
អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៨៥៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៩៩៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១០.១៧០ នាក់។

គ.ជ.ប បានបន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖
ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕

Leave a Reply