ភ្នំពេញ÷កម្ពុជា ទីម័រឡេស្តេ សន្យាជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងសងខាង។ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ មានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា លើកឡើងដូច នេះក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានទទួលជួបសវនាការ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេ មានជំនឿជឿជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកធំធាត់បន្ថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រទសកម្ពុជាក៏អាចនាំអង្ករ និងសម្ភារផ្សេងៗ ទៅកាន់ប្រទេសទីម័រឡេស្តេផងដែរ។
ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា នៅពេលដែលប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេនឹងខិតខំប្រឹង ប្រែងឱ្យអស់ពីកម្លាំងកាយចិត្តថែមទៀត ដើម្បីធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលើក កម្ពស់ការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ប្រកបដោយវិបុលភាព និងចីរភាព។
ឯកឧត្តមប្រធានាធិបតីសង្ឃឹមថា នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការហោះហើរ និងការផ្លាស់ប្តូរការធ្វើដំណើរតាមផ្លូវអាកាស។ ជាងនេះទៅទៀត នឹងខិតខំបង្កឱកាសឱ្យសហគ្រិនកម្ពុជាទៅវិនិយោគនៅប្រទេសទីម័រឡេស្តេ។
ឯកឧត្តមប្រធានាធិបតី បានសំដែងនូវការស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានសំដែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះបានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ជំនួបតាមប្រព័ន្ធ វីដេអូ ការផ្ញើសារជូនពរទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តមប្រធានាធិបតី ដែលមានបំណងធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរ និងគាំទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគ យល់គ្នាដែលមានស្រាប់ និងកិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនាឱកាសនេះ។
សម្តេចប្រធានព្រឹទ្ធសភាសូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពដើម្បីជាគុណប្រយោជន៍ដល់វឌ្ឍនភាព វិបុលភាព សុភមង្គល និងការអភិវឌ្ឍរបស់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា សភាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរសភានានាដូចជា៖ IPU, AIPA, APF, APPF, ASCEP និង CLV ជាដើម។ ព្រឹទ្ធសភាកម្ពុជាមានបំណងកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ ដើម្បី រួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងរឹងមាំជាងនេះទៀត៕