ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អមដំណើរដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនំាមន្ត្រីជំនាញពាក់ពន័ រួមនឹងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកជូនស្រូវពូជចំនួន ៣០ ២៥០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ស្ថិតនៅភូមិយាយសរ ឃុំទន្លេបិទ។
បើតាមរបាយការណ៍របស់លោកអភិបាលស្រុកត្បូងឃ្ញុំ បានអោយដឹងថា នៅទូទៅស្រុក មានឃុំចំនួន១៤ ស្មើ២១១ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៤៧.៣៤៤គ្រួសារ មានមនុស្សសរុបចំនួន ២០០.៨១៤នាក់ (ស្រី១០៣.១៥៣នាក់) ឃុំដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ មានចំនួន ៧ឃុំ រួមមាន៖ ឃុំទន្លេបិទ,ជីរោទ៍ទី១ ,ជីរោទ៍ទី២ ,បឹងព្រួល ,ពាមជីលាំង, ថ្មពេជ្រ, និងឃុំរកាពប្រាំ។ ក្នុងនោះប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ មានចំនួន ១៨៤គ្រួសារ មានមនុស្ស៥៤០នាក់, បានធ្វើការ ជម្លៀសគោចំនួន ៤៨២ក្បាល ក្របី១៧០ក្បាល សេះ៣ក្បាល ពពែ៣៩៦ក្បាល មកស្នាក់នៅ បណ្តោះអាសន្ន នៅតាមទីទួលសុវត្ថិភាពចំនួន៤កន្លែងក្នុងស្រុក មានទួលសុវត្ថិភាព៖ ទួលវិហារ ,ទួលសុវត្ថិភាពដីឧកញ៉ា អាន ម៉ាឌី ,ទួលសុវត្ថិភាពដីឧកញ៉ា វង់ ប៊ុន, និងទួលសុវត្ថិភាពដីលោក អាន វ៉េងស្រ៊ុន។ ដោយស្ថានភាពទឹកជំនន់ ថមថយទៅវិញប្រជាពលរដ្ឋភាគច្រើនបាននាំសត្វពាហនៈវិលត្រឡប់ទៅលំនៅដ្ឋានវិញ គិតត្រឹមរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ហើយនៅសល់តែប្រជាពលរដ្ឋ ចំនួន២៥គ្រួសារប៉ុណ្ណោះដែលបន្តស្នាក់នៅតាមទីទួលសុវតិ្តភាព។
នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅក្រសួងកសិកម្មរួចរាល់ហើយនោះ ថ្ងៃនេះបេសកកម្មតាមខេត្តរបស់ឯកឧត្តម ចាប់ផ្ដើមជាផ្លូវការ ទៅតាមបណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។ ការងារនេះ ចាំបាច់ និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា ខណៈពេលដែលទឹកចាប់ស្រកទៅ វិញ។ ឯកឧត្តម ថ្លែងបន្តថា ឯកឧត្តមនឹងចុះទៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ហើយនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ ដែលបានបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើននៅទាំងប្រទេស ៕



