ភ្នំពេញ៖ការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬហៅកាត់ថា យូអិនឌីភី(UNDP)ដែលទើបផ្សព្វផ្សាយថ្មីៗនេះបានរកឃើញថា កម្មវីធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផ្ដល់ភាពវិជ្ជមានច្រើនចំពោះប្រជាពលរដ្ឋ។ស្ថាប័នមួយនេះក៏បានច្រានចោលក្តីបារម្ភដែលថាប្រជាពលរដ្ឋអាចមានខ្ជិលច្រអូសពេលដែលទទួលបានប្រាក់ឧបត្ថម្ភនេះ។
ការសិក្សារបស់យូអិនឌីភីរកឃើញថា គ្រួសារដែលមានបណ្ណសមធម៌ ចំណាយតិចជាងគ្រួសារ ដែលមិនមានបណ្ណសមធម៌ ២៦,៦ភាគរយ ក្នុងការថែទាំសុខភាពសម្រាប់ប្រជាជនម្នាក់។ ម្យ៉ាងទៀត សមាជិកគ្រួសារមានបណ្ណក្រីក្រចំណាយតិចជាងសមាជិកគ្រួសារមិនមានបណ្ណក្រីក្រម្នាក់ៗចំនួន២,៥ដុល្លារក្នុងមួយខែ។
អង្គការនេះបន្តថា ជាមធ្យមគ្រួសារក្រីក្រនិងងាយរងគ្រោះនីមួយៗទទួលបានប្រាក់ឧបត្ថម្ភប្រមាណ៥០ដុល្លារក្នុងមួយខែ។ អ្នកទទួលប្រាក់ឧបត្ថម្ភភាគច្រើន ៩២ភាគរយ យកប្រាក់ដែលខ្លួនទទួលបាន ទៅចំណាយលើស្បៀងអាហារ បន្ទាប់មកលើថ្នាំសង្កូវ ៣៣ភាគរយ, ចាយវាយនៅក្នុងគ្រួសារ និងលើសេវាសាធារណៈ ១៧ភាគរយ, សងបំណុល ១១ភាគរយ, និងការអប់រំរបស់កូន ១0ភាគរយ។
ការសិក្សានេះក៏បានបង្ហាញដែរថា គ្រួសារជាង៧៥%ដែលមានស្រ្ដីជាអ្នកធ្វើការសម្រេចចិត្តចម្បងលើការចាយវាយប្រចាំថ្ងៃ ចាយតិចជាងគ្រួសារដែលមានបុរសជាអ្នកចាត់ចែងការចាយវាយ។ហើយធ្វើឱ្យ ការប្រើប្រាស់ប្រាក់ឧបត្ថម្ភដែលទទួលបានមានប្រសិទ្ធភាពខ្ពស់។
យូអិនឌីភីបញ្ជាក់ថា៖«ចាំបាច់ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀតលើគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដែលមានស្រ្តីជាមេគ្រួសារ»។
សូមបញ្ជាក់ថា យោងតាមការសិក្សារបស់ UNDP កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានប៉ាន់ប្រមាណថាឆ្នាំ២០២១ ជួយដល់កំណើនផលិតផលក្នុងស្រុកសរុបប្រមាណ ០.៤៥ភាគរយ ធៀបនឹង២០២០ ០.៥៥ភាគរយ កាត់បន្ថយអត្រាគ្មានការងារធ្វើប្រមាណ ០.៦២ភាគរយ ធៀបនឹង២០២០គឺ ០.៥៧ភាគរយ និងកាត់បន្ថយអត្រានៃភាពក្រីក្រប្រមាណ ៣.៤ភាគរយ ធៀបនឹង២០២០៕