ថ្ងៃអង្គារ ១១ តុលា ២០២២ ផ្លូវកៅស៊ូមួយខ្សែប្រវែង២៩,៥គីឡូម៉ែត្រ ភ្ជាប់ពីក្រុងសួង មកកាន់ទីរួមស្រុកអូររាំងឪ ដែលរងការខូចខាត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តចុះសិក្សាពិនិត្យ និងសម្រេចជួសជុលដើម្បីសម្រួលក្នុងអន្តរកាលដ៏លំបាកនេះជូនប្រជាពលរដ្ឋ ដើម្បីបង្កើតឲ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ សិក្សានុសិស្ស មន្ត្រីរាជការ និងការដឹកជញ្ជូន កសិផលទៅកាន់ទីផ្សារឲ្យមានភាពប្រសើរឡើងវិញ ។
លោក ងួន ប៊ុនណា អភិបាលស្រុកអូររាំងឪ បានឲ្យដឹងថា ផ្លូវដែលទទួលរងការខូចខាតក្នុងស្រុកអូររាំងឪនេះ មានប្រវែង១៥,៥គីឡូម៉ែត្រ ឆ្លងកាត់៣ឃុំ មានឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ។ កន្លងមកស្រុកបានរាយការណ៍ និងស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បើសុំចំណាត់ការ ។ ហើយថ្ងៃនេះលោកបណ្ឌិតអភិបាលខេត្ត ដឹកនាំកម្លាំងចុះសិក្សាពិនិត្យផ្លូវនេះដើម្បីជួសជុលសម្រួលឲ្យផុតពីការលំបាននេះ ។ ផ្លូវនេះមានទទឹងតែ៥ម៉ែត្រទេ ពិបាកក្នុងការធ្វើដំណើរបន្តិច ក្នុងដំណាក់ការក្រសួងមានលទ្ធភាពធ្វើថ្មី ប្រជាពលរដ្ឋក៏ដូចស្រុកសំណូមពរសុំផ្លូវឲ្យបានទទឹងពី៦ទៅម៉ែត្រជាផ្លូវកៅស៊ូ ឬបេតុងក៏បាន ឲ្យធំទូលាយជាងមុនផ្តល់ភាពងាយក្នុងការអាស្រ័យផលជាសកល ។
លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានមានប្រសាសន៍ថា ផ្លូវកៅស៊ូប្រវែង២៩,៥គីឡូម៉ែត្រនេះ ក្រសួងអភិវឌ្ឍន៍ជាអ្នកទទួលខុសត្រូវ តែស្ថិតក្នុងដំណាក់ការជាក់ស្តែងនេះ លោកបណ្ឌិតអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកអូររាំងឪ ចុះសិក្សាពិនិត្យ ដើម្បីផ្តល់ជាលទ្ធភាពក្នុងការជួលជុលផ្លូវនេះឲ្យប្រសើរឡើងវិញ ។
លោកប្រធានបានបញ្ជាក់ទៀតថា ចំពោះថវិការដ្ឋបាលខេត្តជាអ្នកដោះស្រាយ ដោយជួលជុលផ្លូវប្រើថ្មកាត់ស៉ីសខ្មៅល្អិតៗ បំពេញក្រលុកផ្លូវដែលខូចខាតទាំងនោះ មានប្រវែង១៥,៥គីឡូម៉ែត្រ ក្នុងស្រុកអូររាំងឪ ។ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត បញ្ជាក្រុមការងារ មានមន្ទីរជំនាញ រួមសហការជាមួយរដ្ឋបាលស្រុកអូររាំងឪ ទទួលជួសជុលផ្លូវនេះ ឲ្យបានប្រសើរឡើងវិញក្នុងពេលឆាប់នេះផងដែរ ៕



