ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។ សម្ដេចបញ្ជាក់ថា ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំបានទាក់ទងទៅឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា និងអភិបាលខេត្តសៀមរាបផងដែរ ដើម្បីមើលបញ្ហានេះ ហើយដើម្បីជួបជុំនៅទីនោះជាមួយប្រជាពលរដ្ឋ ដើម្បីពន្យល់ ក៏ដូចជាយកសាររបស់ខ្ញុំប្រាប់ទៅពួកគាត់ថា យើងពិនិត្យទៅលើបញ្ហាបរិស្ថាន តើយើងត្រូវទម្លាក់ទឹកប៉ុន្មាន ហើយពេលដែលទម្លាក់ទឹកប៉ះពាល់ទៅដល់ប្រជាពលរដ្ឋអាស្រ័យផលប៉ុន្មាន ហើយយើងត្រូវដោះស្រាយយ៉ាងម៉េចចំពោះកន្លែងនោះ ដើម្បីឲ្យមានទឹកដើម្បីការពារប្រាសាទបេតិកភណ្ឌតែប៉ុណ្ណោះ