ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន។ សម្ដេចក៏មិនយល់ស្របចំពោះការភ្ជាប់ដែនដីបួនរបស់អ៊ុយក្រែនមកក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបាដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ខែតុលាឆ្នាំ២០២២។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រសាសន៍ថា ឥរិយាបថរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ចេញទស្សនៈចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្រ្ត យល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហាប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះពីប្រទេសអធិបតេយ្យមួយនោះទេ។ កម្ពុជាក្នុងនាមជាប្រទេសតូចប្រកាន់នូវការគោរពអធិបតេ្យបូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរមតិពាក់ព័ន្ធនឹងបញ្ហាតំបន់និងអន្តរជាតិនិងបានប្តេជ្ញាពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា គុយបា ចំណងមិត្តភាព និងសហប្រតិបត្តិការ លើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ។
គួររំលឹកថាកាលពីថ្ងៃទី៤ ខែតុលា ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងដែល អាចបង្កអោយមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េអនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញអាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី។
សូមជម្រាបថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់រំលងប្រទេសជប៉ុនដែលជាការបាញ់លើកទី៥ ក្នុងរយៈពេល១០ថ្ងៃ ស្របពេលមានក្ដីរំពឹងថាប្រទេសនេះកំពុងត្រៀមបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។ មីស៊ីលដែលត្រូវបានតាមដានដោយឆ្មាំសមុទ្រជប៉ុននិងនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានជំរុញឱ្យចេញការព្រមានប្រកាសអាសន្ននៅក្នុងប្រទេសជប៉ុនភាគខាងជើងដោយណែនាំឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ។ សេវារថភ្លើងសាធារណៈនៅក្នុងកោះ Hokkaido ភាគឦសាននិងតំបន់ Aomori ត្រូវបានផ្អាកបណ្ដោះអាសន្ន៕
