ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកពីមូលហេតុចំនួនពីរ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យអុំទូក បណ្ដែប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ និងជាការឆ្លើយតបទៅមនុស្សមួយក្រុមតូច ដែលបានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាល អស់លុយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានមនុស្សមួយក្រុម បានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាលអស់លុយ។ សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះការវិភាគដ៏ឆ្កួតលីលា និងការវាយតម្លៃដ៏ឆ្កួតលីលារបស់ក្រុមមួយក្ដាប់តូច។ សម្ដេចថា ពិតជាទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ ប៉ុន្តែមិនទាន់ដល់ថ្នាក់ថា រដ្ឋក្ស័យធននោះទេ។ យើងនៅតែមានលទ្ធភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះទៅបាន ប៉ុន្តែមានមូលហេតុចំនួនពីរ ដែលសម្ដេចបានសម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ។
មូលហេតុទាំងពីរនេះ មានដូចជា៖ ទី១ បញ្ហាកូវីដ មិនទាន់ចប់ទេ។ យើងបានលុបចោលពិធីបុណ្យអុំទូកនៅឆ្នាំ២០២០ ២០២១ និងបន្តលុបចោលនៅក្នុងឆ្នាំ២០២២នេះបន្តទៀត។ ដោយសារកង្វល់របស់សម្ដេច គឺមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ព្រោះថា ការប្រមូលផ្ដុំទ្រង់ទ្រាយធំដូចនេះ អាចនឹងបង្កឲ្យមានការឆ្លងរីករាលជំងឺកូវីដ១៩។ នេះគឺជាមូលហេតុងាយយល់ដែលប្រជាជនយើងធ្លាប់ឆ្លងកាត់នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុទី២ គឺកាន់តែសំខាន់ជាងនេះទៅទៀត ដោយសារតែថ្ងៃបុណ្យអុំទូក ចំថ្ងៃទី៧ ៨ និងទី៩ ហើយកម្ពុជា គ្រោងចាប់ផ្ដើមកិច្ចប្រជុំអាស៊ាន ចាប់ពីថ្ងៃទី១០ ទី១១ ១២ និង១៣ ខែវិច្ឆិកា គឺជាថ្ងៃប្រជុំដ៏ធំ ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងដៃគូយ៉ាងច្រើន មកក្នុងរាជធានីភ្នំពេញ ហើយបើមានមិនមានអ្វីផ្លាស់ប្ដូរទេ នៅថ្ងៃទី៧ និងមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម។ នៅថ្ងៃទី៨ នឹងមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន និងនៅថ្ងៃទី៩ នឹងមានដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីន។ នេះមិនទាន់គិតដល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ដែលព្រះមហាក្សត្រកម្ពុជា និងយាងប្រទានភ្លើងជ័យនៅវិមានឯករាជ្យ។
សម្ដេចបញ្ជាក់ថា ចំពោះអ្នកវិភាគដែលថា ការលុបពិធីបុណ្យអុំទូកដោយសាររាជរដ្ឋាភិបាលអស់លុយ សូមអ្នកវិភាគតាមការគួរ ប៉ុន្តែសម្ដេចបានបញ្ជាក់ថា ក្នុងឋានៈ ជាម្ចាស់ផ្ទះទទួលខុសត្រូវ ដែលយើងកំពុងតែទទួលសំណូមពរពីទស្សនកិច្ចផ្សេងៗទៀត ប៉ុន្តែយើងអាចទទួលបានការធ្វើទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី៧ ទី៨ និងទី៩ ហើយចាប់ពីថ្ងៃទី១០ទៅ យើងចាប់ផ្ដើមប្រជុំអាស៊ានតែម្ដង។ ដូច្នេះហើយ នេះគឺជាមូលហេតុធំ ដែលសម្ដេចសម្រេចលុបព្រះរាជពិធីបុណ្យអុំទូក បណ្ដាប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២២នេះ។
សម្ដេចបញ្ជាក់ថា សូមប្រជាពលរដ្ឋមានការយោគយល់ ខណៈដែលនៅតាមបណ្ដាខេត្ត និងមានរៀបចំពិធីបុណ្យអុំទូក ដើម្បីឲ្យបងប្អូនបានសប្បាយរីករាយនៅក្នុងខេត្តរៀងៗខ្លួន ។