សម្តេចតេជោ: កម្ពុជា កំណត់យុទ្ធសាស្ត្រ ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

សៀមរាប៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺទី១៖ ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទី២៖ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន។ ទី៣៖ ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤៖ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។

ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរីដ១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចតំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។

សម្តេចតេជោ បន្តថា ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើបញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារពលករចំណាកស្រុក ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។

សម្តេចតេជោ បានផ្តល់អនុសាសន៍ថា អាស៊ាន គួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម៕

Leave a Reply