សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ និងប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ជូនដល់គ្រួសារដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋាន ថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមកផងដែរ ៕




