ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃ និងត្រៀមបញ្ចេញរថយន្តក្រុងមិនគិតថ្លៃអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួលទាំងឡាយ ឲ្យរក្សាតម្លៃសំបុត្ររថយន្ត នៅដដែល មិនត្រូវឆ្លៀតដំឡើងថ្លៃសំបុត្រក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ នេះឡើយ ព្រមទាំងណែនាំដល់សាលារាជធានីភ្នំពេញត្រៀមរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃដូចកាលមុនរដូវកូវីដ១៩ ផង។ នេះបើតាមសារសំឡេងក្នុង ឆេណេល តេលេ ក្រាមផ្លូវការរបស់សម្តេចតេជោនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួលទាំងឡាយ ឲ្យរក្សាតម្លៃសំបុត្ររថយន្ត នៅដដែល មិនត្រូវឆ្លៀតដំឡើងថ្លៃសំបុត្រក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ នេះឡើយ ព្រមទាំងណែនាំដល់សាលារាជធានីភ្នំពេញត្រៀមរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃដូចកាលមុនរដូវកូវីដ១៩ ផង។ នេះបើតាមសារសំឡេងក្នុង ឆេណេល តេលេ ក្រាមផ្លូវការរបស់សម្តេចតេជោនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ការអំពាវនាវដូច្នេះ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា គឺដើម្បីបង្កភាព ងាយ ស្រួលដល់ ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត។

ក្រៅពីនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវឱ្យពលរដ្ឋគ្រប់រូប បន្តអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ របស់ក្រសួងសុខាភិបាល ជាពិសេស ការពាក់ម៉ាស និងលាងដៃ និងបន្តណែនាំឱ្យពលរដ្ឋ ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀស ការងើបឡើងវិញនូវការរាតត្បាតជំងឺកូវីដ-១៩ ក្នុងលក្ខណៈ ទ្រង់ទ្រាយធំ ឡើងវិញក្នុងសហគមន៍។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ បទបញ្ជាដល់សាលារាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានាដោយមិនគិតថ្លៃ ជាពិសេសសម្រាប់កម្មកររោងចក្រ ដែលមានបំណងទៅស្រុក កំណើត ចៀសវាងចំណាយច្រើន ដូចកាលពីអំឡុងរដូវកាល មុនជំងឺកូវីដ១៩ រាតត្បាត។

តាមរយៈការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន , សាលារាជធានី ភ្នំពេញ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១២ កញ្ញាដដែលថា ខាងសាលាក្រុងបានត្រៀមរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់សម្រួលការចំណាយដល់ប្រជាពលរដ្ឋជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការនី សិស្សនិស្សិតទាំងឡាយ ដោយមិនគិតថ្លៃដោ រថយន្តក្រុង។ក្នុងនោះ ក្នុងគោលដៅនា រាជធានី ភ្នំពេញមានចំនួន ៥៥គ្រឿង និងសម្រាប់ធ្វើដំណើតាមបណ្តា ខេត្ត មានចំនួន ១២០គ្រឿង។សេវាកម្មមិនគិតថ្លៃនៃរថយន្តក្រុង របស់ សាលារាជធានីភ្នំពេញនេះ ប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

គួររំឭកថា កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ សាលារាជធានី ភ្នំពេញធ្លាប់បានរៀបចំរថយន្តក្រុងចំនួនជិត១០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតរបស់ខ្លួនតាមបណ្តាខេត្តនានាដោយមិនគិតថ្លៃសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការនី សិស្សនិស្សិត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងអំឡុងពិធីភ្ជុំបិណ្ឌដោយឥតគិតថ្លៃ៕

Leave a Reply