អភិបាលខេត្តកោះកុងសង្ឃឹមថា អភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ នឹងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស ដែលបានឆ្លៀតឱកាសដ៏មមារញឹកអញ្ជើញមកចូលរួម ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃនេះ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តកោះកុង បានជម្រាបជូន ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអង្គពិធីទាំងមូលបានជ្រាបដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ នៃខេត្តកោះកុង។ មុខរបរសំខាន់ៗ របស់ប្រជាពលរដ្ឋគឺ៖ ធ្វើនេសាទ ធ្វើជំនួញ ធ្វើស្រែចំការ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មកររោងចក្រ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលមានសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកខេត្តកោះកុង ក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ លើគ្រប់វិស័យផងដែរទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងអរូបវ័ន្ត។ ក្នុងនោះផ្នែកសន្តិសុខសណ្តាប់សាធារណៈ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំយកចិត្តដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អប្រសើ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បាននឹងកំពុង ថែទាំ និងអភិវឌ្ឍពង្រីកបន្ថែមនៅក្នុងគ្រប់មូលដ្ឋានឃុំ សង្កាត់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចំពោះការអនុវត្តការងារប្រចាំថ្ងៃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានធ្វើការណែនាំតម្រង់ទិសជាប្រចាំដល់មន្ត្រីរាជការ ឲ្យយកចិត្តទុកដាក់បំពេញការងារស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងជាធរមាន និងបំពេញតួនាទី ភារកិច្ច ស្របតាមលក្ខ័ណ្ឌការងាររបស់ខ្លួនម្នាក់ៗ សំដៅធានាបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកដោយប្រសិទ្ធភាព។ ដោយឡែកការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការជួយគាំទ្រឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយ ស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកមណ្ឌលសីមា បាននឹងកំពុងដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ គុណភាព តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ខេត្តកោះកុង ក៏បានទទួលនូវអគារការិយាល័យច្រកចេញចូលតែមួយ ចំនួន០១បន្ថែមទៀត គឺក្នុងស្រុកកោះកុង ដែលបាននឹងកំពុងរៀបចំដំណើរការសាងសង់បានប្រមាណជា ៦០ភាគរយ ។ រីឯនៅរដ្ឋបាលស្រុកដ៏ទៃផ្សេងទៀត ដែលពុំទាន់មានអគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលខេត្តក៏បានជម្រុញ ឲ្យមានការរៀបចំជាយន្តការច្រកចេញចូលតែមួយ ដើម្បីរួមចំណែកក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឲ្យបានស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ចំពោះការផ្តល់សេវានៅរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត ដែលមានទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការផែនការ និងវិនិយោគ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ជាសេនាធិការ នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ជូនដល់រដ្ឋបាលឃុំ សង្កាត់ទាំង២៩ នៃខេត្តកោះកុង សំដៅធានាបាននូវការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត នាពេលនេះ លោកជំទាវអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ចំពោះលោកស្រី ឈី វ៉ា  លោក ហាក់ ឡេង លោក ឈេង សុវណ្ណដា លោក អន សុធារិទ្ធ និងលោកស្រី អ៉ី នារីនេត ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្តកោះកុងសង្ឃឹមថា លោក លោកស្រីអភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ នឹងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

Leave a Reply