សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូន ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចំពោះការបាត់បង់ដ៏ធំធេងនូវព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានផ្ញើសារលិខិតជូន ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានផ្ញើសារលិខិតជូន ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារលិខិតរំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា «ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត ក្ដុកក្ដួល និងសោកស្តាយជាខ្លាំងចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ នៃចក្រភពអង់គ្លេស និងភរិយាសូមសម្ដែងនូវមនោសញ្ចេតនាដ៏ក្រៀមក្រំជាទីបំផុត និងចូលរួមមរណទុក្ខជាមួយព្រះញាតិវង្សានុវង្ស ជាមួយឯកឧត្តមឯកអគ្គរាជទូត និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ដែលជានិមិត្តរូបជាតិដ៏ឆ្នើមរបស់ប្រជាជន នៃចក្រភពអង់គ្លេស»។

សម្ដេចបានបន្ដថា «ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ចក្រភពអង់គ្លេសមានអរិយធម៌រុងរឿង មានសន្តិភាព វិបុលភាព កិត្យានុភាព។ ព្រះរាជវីរភាពរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ បានរួមចំណែក ដ៏ធំធេងដល់សន្តិភាព ស្ថិរភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ ដែលមានតម្លៃជាសកល ហើយព្រះរាជវីរភាពនេះត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត»។

ជាថ្មីម្ដងទៀត សម្ដេចបានបន្ថែមថា «ខ្ញុំសូមឧទ្ទិសបួងសួងចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ទ្រង់យាងទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕

Leave a Reply