ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារ៉ាមនានានៅក្នុងរាជធានីភ្នំពេញ ។
ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ខែ កញ្ញា ឆ្នាំ២០២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ម៉ប់ សារិន ក្នុងនោះបានមានប្រសាសន៍ កោតសរសើរ ចំពោះសមត្ថកិច្ចដែលបានខិតខំ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ពិសេស បទល្មើស ឧក្រិដ្ឋឱ្យមានការថយចុះ ។
ទន្ទឹមនឹងនេះការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៨០ករណី ក្នុងនោះការជួញដូរ គ្រឿងញៀនបាន៥៣ករណី។ បន្ថែមពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នៅបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ អ្នក លក់ដូរចល័ត តាមដងផ្លូវសាធារណៈ និងអ្នកលក់ដូរនៅនឹងកន្លែង ដោយបានធ្វើ ការអប់រំណែនាំឱ្យមានសណ្ដាប់ធ្នាប់ល្អថែមទៀតផងដែរ។
ជាមួយ និងស្នាដៃខាងលើ ឯកឧត្តម ម៉ប់ សារិន បានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើងឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌតាមវត្តអារ៉ាមនាពេលខាងមុខ។
ពាក់ព័ន្ធនឹងការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍បញ្ជាក់ថា ជុំវីញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយនៅថ្ងៃទី១៥ កញ្ញាខាងមុខនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមួយដើម្បីដាក់ចេញជាវិធានការម៉ឹងម៉ាត់មួយចំនួនក្នុងពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនោះមានទាំង ការដាក់ចេញជាវិធានការធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព ការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅពេលខាងមុខនេះ ដំណើរទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពល្អ បង្កភាពកក់ក្តៅ និងជឿទុកចិត្តពីប្រជាពលរដ្ឋ ៕


