ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ អាយ អឹម អេហ្វ (IMF) ថាកំណើនសេដ្ឋកិច្ចជាតិអាចនឹង កើនឡើងក្នុងអត្រា ៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ជាមួយនឹងកម្រិតអត្រាអតិផរណា អាចគ្រប់ គ្រងបាន បើទោះបីកន្លងទៅរយៈពេលប្រាំមួយខែមកនេះ កម្ពុជា មានឱនភាពសេដ្ឋកិច្ចខ្លះៗក្តី។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ទេសាភិបាលធនាគារជាតិ កម្ពុជាឯកឧត្តម ជា ចាន់តូ បានថ្លែងប្រាប់ប្រធានបេសកកម្ម របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ប្រចាំកម្ពុជា ថា កម្ពុជាបាន ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនថា នឹងកើនឡើងក្នុងរង្វង់ ៥ភាគរយ ជាមួយកម្រិតអតិផរណាដែលអាចគ្រប់គ្រងបាន បើទោះបីជាឆមាសទី១ នៃឆ្នាំ២០២២ ។ពោលគឺ រយៈពេលកន្លះ ឆ្នាំមកនេះ កម្រិតអតិផរណាបានហក់ឡើងក្តី។
ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះថា៖ «សេដ្ឋកិច្ចកម្ពុជារំពឹងថា មានកំណើនក្នុងរង្វង់៥ភាគរយ ជាមួយនឹងអត្រាអតិផរណា អាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេលប្រាំមួយខែនៃ ឆ្នាំ២០២២ បានកើនឡើងក៏ដោយ ចំណែកអតិផរណានៅ ឆមាសទី២នេះ ត្រូវបានរំពឹងថា ថយចុះទាបជាង៥ភាគរយ។ ចំណែកទុនបម្រុងអន្ដរជាតិកម្ពុជា បន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ ស្មើនឹងប្រមាណប្រាំពីរខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពស់ ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន គឺបីខែ»។
ក្នុងជំនួបពិភាក្សានោះដែរ លោក Alasdair Scott ប្រធានបេសកកម្ម របស់ប្រធានបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ប្រចាំ កម្ពុជា បានលើកសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែល លោក សង្កត់ធ្ងន់ថា ជាកត្តាចម្បងជួយឲ្យកំណើនសេដ្ឋកិច្ចជាតិ កម្ពុជាងើប ឡើងវិញ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវ សេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ពីកំណើន សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីមានស្ថានភាពប្រសើរឡើងវិញ ក្រោយ វិបត្តិកូវីដ១៩។ កាលពីពាក់កណ្តាលទី១ នៃឆ្នាំ២០២២ អត្រា កំណើនសេដ្ឋកិច្ចមានក្នុងរង្វង់ពី ២ភាគរយ ទៅ៣ភាគរយ ខណៈ នៅពាក់កណ្តាលទី២ នៃឆ្នាំ២០២២ វិញ កំណើន សេដ្ឋកិច្ច ត្រូវបាន ប៉ាន់ស្មានថា អាចមានកំណើនក្នុងរវង្វង់ពី ៥ភាគរយ ទៅ៦ភាគរយ ដែលគេអាចទាញមធ្យមភាគឃើញថា កម្ពុជាអាចមានកំណើន សេដ្ឋកិច្ចពី ៤,៥ភាគរយ ទៅ ៥ភាគរយ ក្នុងឆ្នាំ២០២២ ។
ជាមួយនឹងការធ្លាក់ចុះនៃកម្រិតអតិផរណាក្នុងស្រុកវិញ អ្នកស្រាវជ្រាវ សេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ការធ្លាក់ចុះនៃ អតិផរណានេះ ជួយសេដ្ឋកិច្ចយើងឲ្យមានកំណើន ហើយការ ធ្លាក់ចុះនេះ កើតឡើងដោយសារ ទី១ ការផលិតក្នុងស្រុករបស់ យើងមានកំណើនឡើងវិញ ហើយទី២ គឺដោយសារតម្លៃ ប្រេង សាំងធ្លាក់ចុះ ដែលរដ្ឋាភិបាលជួយបន្ធូរបន្ថយពន្ធ»។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ លើកឡើងថា មូលហេតុ ដែល ជំរុញ កំណើនសេដ្ឋកិច្ច ព្រោះតែភាពការកើនឡើងច្រវាក់ ផលិតកម្មក្នុង ស្រុក ការលូតលាស់នៃវិស័យកាត់ដេរ ការរីកចម្រើន នូវវិស័យ ឧស្សាហកម្ម ការនាំចេញផលិតផលកសិកម្ម។ លោករំពឹងដោយសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៣ ខាងមុខនឹងបន្តកើនឡើង ដោយវិស័យទេសចរណ៍ នឹងក្លាយជា កត្តាចូលរួមចំណែកក្រោយវិបត្តិការរីករាលដាលជំងឺជាសាកលកាន់តែធូរស្រាល។
កាលពីដើមឆ្នាំ២០២២ ធនាគារពិភពលោក(World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ សម្រាប់ឆ្នាំ២០២២ និងអត្រា ៥,៥ភាគរយសម្រាប់ឆ្នាំ២០២៣ តាមរយៈរបាយការណ៍មួយមានចំណងជើងថា ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២។
តួលេខនេះស្រដៀងនឹងការព្យាការណ៍របស់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលកាលនោះ រដ្ឋាភិបាលកម្ពុជាមានព្យាករណ៍ក្នុងរង្វង់ ៥,៨ ភាគរយ។
គួររំឭកថា កាលពីឆ្នាំ២០២១ កម្ពុជាធ្លាប់រំពឹងថា អត្រាកំណើន សេដ្ឋកិច្ចខ្លួន នឹងកើនក្នុងរង្វង់ ៤ភាគរយ។ ប៉ុន្តែដោយសារ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ(ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍កម្ពុជា) បានធ្វើឱ្យកម្ពុជាទទួលបាន អត្រាកំណើន សេដ្ឋកិច្ចត្រឹមតែ ២,៤ភាគរយប៉ុណ្ណោះ ខណៈអត្រាកំណើន សេដ្ឋកិច្ចកម្ពុជា កាលឆ្នាំ២០២០ បានធ្លាក់ចុះដល់ -៣,១ភាគរយ ដោយសារវិបត្តិកូវីដ១៩៕


