ភ្នំពេញ ៖ ជាថ្មីម្ដងទៀតរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីកិច្ច ខិតខំ ប្រឹងប្រែងក្នុងការជំរុញឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានកាន់តែទូលំទូលាយនៅកម្ពុជា។ក្នុងនោះក្រៅតែពី ព្យាយាមទាក់ទាញប្រជាជនដែលជាអ្នកប្រើប្រាស់ក្រសួងសាធារណការនិងដឹកជញ្ជូនក៏កំពុងតែរូតរះពន្លឿនការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនិងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានាជាពិសេសក្រុមហ៊ុនអាមេរិកដើម្បីជំរុញការដំឡើងស្ថានីយ បញ្ចូលថាមពលអគ្គិសនីនៅកម្ពុជាឲ្យបានច្រើន។
តើការប្រើប្រាស់យានយន្តអគ្គសនីផ្ដល់ផលចំណេញអ្វីខ្លះសម្រាប់កម្ពុជាទើបបានជាកម្ពុជាប្រឹងប្រែងធ្វើការងារនេះ យ៉ាងសស្រោកសស្រាំដូច្នេះ?
ការចំណាយប្រចាំថ្ងៃ៖ការប្រើប្រាស់យានយន្តអគ្គិសនីតិចឬ ច្រើនវាពិតជាអាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ នៅកម្ពុជាបើតាមការគូសបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូនការបញ្ចូលថាមពលអគ្គិសនី យានយន្តក្នុងតម្លៃ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រខណៈការចាក់ប្រេងឥន្ធនៈយានយន្ត ត្រូវចំណាយជាង១០ដុល្លារ ឬលើសពីនេះ។
ការចំណាយលើពន្ធនិងអាគរនាំចូលយានយន្ត៖ ពន្ធនិងអាករនាំចូលរថយន្តដើរដោយថាមពលអគ្គិសនី ទទួល បានការអនុគ្រោះពីរដ្ឋាភិបាលកម្ពុជា ដោយកំណត់យក ត្រឹម ៦៣ ភាគរយប៉ុណ្ណោះ ខណៈរថយន្តប្រើសាំង ជាប់ពន្ធអាករជា មធ្យមចំនួន១២០ភាគរយ។
ការជួយដល់បរិស្ថាន៖ ការប្រើប្រាស់យានយន្តដើរដោយ ថាមពលអគ្គិសនី ជានិន្នាការសកល ដែលបណ្ដាប្រទេស ផ្សេងៗទៀតកំពុងរុញច្រានឲ្យទៅមុខ ដើម្បីជួយដល់បរិស្ថាន ភពផែនដី។ កាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០២២គណៈកម្មការអឺរ៉ុបបានកំណត់វិធានការហាមឃាត់នូវរថយន្តដែលបំពាក់ដោយម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និងរថយន្តហាយប្រ៊ីដ Hybride ចាប់ពីឆ្នាំ២០៣៥តទៅ។
គ្រប់រថយន្តផលិតថ្មី លក់នៅលើទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែ ជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។ ចំណែករដ្ឋាភិបាល កម្ពុជាក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេលវែងស្ដីពីអព្យាក្រឹត្យកាបូនឆ្នាំ២០៥០ ដោយជំរុញឲ្យមានការប្រើប្រាស់ រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងម៉ូតូអគ្គិសនី ក្នុង អត្រា ៧០ភាគរយ។
ការប្រើប្រាស់យានយន្តអគ្គសនីនៅកម្ពុជាមានចំនួនកើនឡើង
បើតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានការចុះបញ្ជី យានយន្តដើរដោយថាមពលអគ្គិសនីចំនួន៨៤គ្រឿង ដែល ចំនួន នេះ កើនឡើងជាង៨០០ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១។ រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានការចុះបញ្ជីយានយន្តអគ្គិសនីតែចំនួន៦គ្រឿងប៉ុណ្ណោះ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានបង្ហាញពីមោទកភាពចំពោះកំណើន នៃការ ចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងសង្ឃឹមថា កំណើននេះនឹងបន្តទៅមុខទៀត។ ការប្រើប្រាស់យានយន្តអគ្គសនី និងបញ្ហាប្រឈមដែល កម្ពុជា កំពុងដោះស្រាយ
ជាការពិតជាក់ស្ដែងកម្ពុជានៅមិនទាន់មានលក្ខខណ្ឌអំណោយផលល្អសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនីនៅឡើយទេ។ នោះក៏ព្រោះតែកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការនៃយានយន្តអគ្គិសនីដូចជាកន្លែងផ្ដល់សេវាកម្មគ្រឿងបន្លាស់កម្មករជំនាញនិងកន្លែងបន្សល់ថ្ម។ចំណែកវិសាលភាពនៃ ស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅកម្ពុជាទៀតសោត ក៏នៅមានកម្រិត ពុំទាន់មានលក្ខណៈទូលំទូលាយ។
យ៉ាងណាក៏ដោយ ដើម្បីជំរុញការប្រើប្រាស់យានយន្តដើរដោយ ថាមពលអគ្គិសនីនេះក្រសួងសាធារណការនិង ដឹកជញ្ជូន កំពុងប្រឹងប្រែងខ្លាំងណាស់ ក្នុងការដំឡើងស្ថានីយសាកថ្មយាន យន្តអគ្គិសនីនៅកម្ពុជា។ ក្នុងនោះ ក្រសួងកំពុងបន្តស្វែងរកកិច្ច សហការពីក្រុមហ៊ុនប្រេងឥន្ធនៈធំៗនៅកម្ពុជាក្នុងការបំពាក់ឧបករណ៍សម្ភារៈបញ្ជូលថាមពលយានយន្តអគ្គិសនីឲ្យបានច្រើន។
រហូតមកទល់ពេលនេះកម្ពុជាមានគម្រោងដំឡើងស្ថាននីយសាកថ្មយានយន្តនៅរាជធានីភ្នំពេញចំនួន១០កន្លែងតាមបណ្ដោយផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំនួនពីរកន្លែង និងនៅតាមផ្លូវជាតិសំខាន់ៗមួយចំនួនទៀតដូចជា ផ្លូវជាតិ លេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ជាដើម៕