ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានចូលជាសមាជិកអាស៊ានជាង២០ឆ្នាំមកហើយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។ កម្ពុជាក៏បានរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ានចាប់តាំងពីពេល ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩មក និងធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣លើករួចមក គឺលើកទី១.នៅឆ្នាំ២០០២ លើកទី២.នៅឆ្នាំ២០១២ និងលើកទី៣.នៅឆ្នាំ២០២២នេះ ដែលពេលនេះកម្ពុជាកំពុងតែដើរតួនាទីជាប្រធានអាស៊ាន។
ជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ វាជាមោទនភាពនិងជាឱកាសដ៏ធំធេងសម្រាប់កម្ពុជា និងជាពេលវេលាដែលយើងអាចបង្ហាញឱ្យឃើញប្រកបដោយក្តីមោទនភាពថា កម្ពុជាកំពុងតែសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ ពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើមុខ និងស្មើសិទ្ធិ នៅក្នុងកិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងប្រកាន់ភ្ជាប់គោលការណ៍ពហុភាគីនិយម។
លោកបណ្ឌិត គិន ភា បានបន្តថា ជាមួយគ្នានេះ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ហើយអ្វីដែលកម្ពុជាបានធ្វើជាម្ចាស់ ធ្វើជាប្រធាននៃកិច្ចរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះ និងកិច្ចប្រជាពាក់ព័ន្ធ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញឱ្យឃើញពីសមត្ថភាព នៃធានធានមនុស្សរបស់ខ្លួន ធនធានហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំសម្បើមបែបនេះ។ ទន្ទឹមនឹងនោះ សុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា គឺជារឿងដែលមិនអាចមើលរំលងបាន បើសិនជាយើងគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ យើងមិនអាចរៀបចំព្រឹត្តិការពន្តរជាតិដ៏ធំបែបនេះបានទេ។ ព្រឹត្តិការណ៍នេះ បានជួយឱ្យកម្ពុជាលើកមុខលើកមាត់របស់ខ្លួន ទាំងក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិជាដើម។ ដូចយើងដឹងហើយថា នៅក្នុងតំបន់ក៏ដូចជាពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីជាច្រើនកំពុងតែកើតឡើង ដូចជាការប្រកួតប្រជែងរវាងមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង ការប្រើប្រាស់ទឹកនៅតំបន់មេគង្គ ការរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាវ៉ាក់សាំងបង្ការកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ គ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត ឧក្រិដ្ឋកម្មឆ្លងដែន ពលករចំណាកស្រុក ការផ្លាស់ប្តូរអាកាសធាតុជាដើម សុទ្ធតែជាបញ្ហាប្រឈមដែលកំពុងតែស្មុគស្មាញឡើង។ អ្វីដែលកាន់តែស្មុគស្មាញថែមទៀតនោះ យើងឃើញបញ្ហាដែលក្តៅគគុកធ្វើឱ្យពិភពលោក ធ្វើឱ្យតំបន់របស់យើងកំពុងតែបារម្ភខ្លាំង គឺបញ្ហាជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែន ដែលនាំឱ្យមានវបត្តិស្បៀងអាហារ និងថាមពលជាដើម។ បន្ថែមពីហ្នឹង យើងឃើញបញ្ហាក្តៅមួយទៀត បញ្ហាតៃវ៉ាន់ដែលឥរិយាបទបង្កហេតុ ដោយលោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅក្នុងតំបន់តៃវ៉ាន់នេះ ក៏ជាបញ្ហាមួយទៀត ដែលកំពុងតែឡើងនៅក្នុងតំបន់នៅក្នុងពិភពលោក។ ផ្ទៃក្នុងអាស៊ានវិញ គឺបញ្ហាមីយ៉ាន់ម៉ាក៏ជាបញ្ហាក្តៅ ដែលបញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែន ឬជាការទទួលខុសត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយទេ។ ប៉ុន្តែជាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិទាំងមូល ដែលក្នុងនោះកម្ពុជាក៏មានចំណែកមួយដែរ នៅក្នុងការរួមចំណែកតាមរយៈតួនាទីរបស់កកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងតួនាទីរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយដែលជាសមាជិកអង្គការសហប្រជាជាតិ ដែលមានកាតព្វកិច្ចជួយដោះស្រាយបញ្ហាប្រឈមនានាជាសកល។ កម្ពុជាគួរប្រើប្រាស់តួនាទីជាប្រធានអាស៊ាននេះ ដើម្បីបង្ហាញសមត្ថភាពក្នុងការដោះស្រាយទាំងអស់ដូចដែលបានលើកឡើងខាងលើ។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះ មើលឃើញថា កម្ពុជាដើរតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការសម្របសម្រួលជាមួយដៃគូនានារបស់អាស៊ានឱ្យពួកគាត់មកអង្គុយយទល់មុខគ្នាក្នុងយន្តការពហុភាគី ដែលដឹកនាំដោយអាស៊ាន ហើយប្រើប្រាស់វេទិកាអាស៊ានជាមជ្ឈមណ្ឌល ដែលអនុញ្ញាតឱ្យពួកគេអាចយកបញ្ហាប្រឈមនានាក្នុងកម្រិតតំបន់ និងពិភពលោក អាចជាបញ្ហាកម្រិតទ្វេភាគីក៏យើងយកមកពិភាក្សាដោះស្រាយ។ ដែលនេះបង្ហាញពីតួនាទីដ៏មានសារៈសំខាន់សម្រាប់កម្ពុជារបស់យើង ហើយជាឱកាសដែលកម្ពុជាបង្ហាញពិភពលោក បង្ហាញបណ្តាប្រទេសនានាពីសក្តានុពល និងការអភិវឌ្ឍរបស់កម្ពុជា សក្តានុពលនៃការវិនិយោគផ្ទាល់ពីបរទេស ហើយក៏ជាផ្នែកមួយនៃការធ្វើទីផ្សារទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ៕