ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្តែងក្តីសោមនស្សរីករាយ ក្រៃលែង ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តម ទេព ភិយ្យោរិន្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម អស់លោក លោកស្រី ប្រតិភូអមដំណើរ ព្រមទាំង លោក លោកស្រី ជាភ្ញៀវកិត្តិយស និងសមាជិក សមាជិកាទាំងអស់ ក្នុងពិធី ប្រកាសចូល កាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង នាពេលនេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត និងវិស័យទេសចរណ៍។ បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែង ទាំងនៅក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ-ឃុំ ដែលអាចបំរើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាង ងាយស្រួល។ ជាងនេះទៅទៀតខេត្តកោះកុង មានប្រភព វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ច ពិសេសនាងកុក-កោះកុង និងក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៏ គ្រុប ខូអិលធីឌី ដែលមានការចាប់ អារម្មណ៍ដាក់ទុនច្រើនជាងគេចូលមកវិនិយោគលើទឹកដីកោះកុងយើងខ្ញុំ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ រូបវន្តដ៏ទៃទៀតដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។ ក៏ដូចជាតំបន់ការពារធម្មជាតិជា ច្រើនកន្លែងត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយ ទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសម ជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី » និងបានទទួលជ័យលាភីជា“ឆ្នេរស្អាតបំផុតលើពិភពលោក»។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ អភិបាលខេត្ត បានសំដែងនូវការអបអរសាទរចំពោះ លោក កែវ សុខា ដែលត្រូវ បានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដើម្បី បន្តដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ជំនួសលោក ទេព វិស្ណុល ដែលត្រូវបាន ចូលនិវត្តន៍។ ជាមួយនឹងការអបអរសាទរចំពោះ លោក កែវ សុខា នាងខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក ទេព វិស្ណុល អតីតប្រធានប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលរយៈកាលកន្លងមកក្រោមការដឹកនាំរបស់ លោកទេព វិស្ណុល រក្សាបាននូវសាមគ្គីផ្ទៃក្នុង មន្រ្តីខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយឆន្ទៈ និង មនសិការវិជ្ជាជីវៈល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ កត្តាទាំងនេះហើយ បានធ្វើឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សម្រេចបាននូវលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតែងតែផ្ដល់នូវកិច្ចសហការនិងទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនានាក្នុងការរៀបចំពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់នានា ក្នុងខេត្ត កិច្ចការងារសង្គម និងការងារមនុស្សធ៌មជាដើម។

មុននឹងបញ្ចប់លោកជំទាវ អភិបាលខេត្ត បានស្នើឱ្យលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលទើប ប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ សូមបន្តគ្រប់គ្រងកិច្ចការដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនឱ្យមាន ប្រសិទ្ធិភាពប្រកបដោយភាពទទួលខុសត្រូវ បន្តប្រពៃណីរក្សាសាមគ្គីភាពផ្ទៃក្នុង បន្តជម្រុញការបំពេញ ការងាររបស់មន្ត្រីក្រោមឱវាទក្នុងអង្គភាព រក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ជាពិសេស ជួយគាំទ្រ និងពង្រឹងសមត្ថភាពទៅដល់រដ្ឋបាលឃុំ សង្កាត់ សំដៅធានាបាននូវប្រសិទ្ធភាពការងារដែល ពាក់ព័ន្ធទៅនឹងកិច្ចការហិរញ្ញវត្ថុ៕

ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២

Leave a Reply