អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ការស្នើសុំកែទម្រង់ ឬផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប គឺគ្រាន់តែសិទ្ធិបញ្ចេញមតិរបស់អ្នកស្នើនោះប៉ុណ្ណោះ ដោយការស្នើសុំនោះ មិនមានប្រសិទ្ធភាពផ្លាស់ប្ដូរ ឬកែប្រែសមាសភាព គ.ជ.ប ឡើយ។ រីឯមន្ត្រី គ.ជ.ប វិញ មិនមានអ្វីត្រូវឆ្លើយតបជាមួយគណបក្សនយោបាយ ដែលចង់ស្នើឲ្យកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប នោះដែរ។
ការលើកឡើងនេះ បន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន បានឯកភាពគ្នាថា នឹងស្នើឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបរិយាកាសនយោបាយ ជាពិសេសការកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប និងរូបមន្តនៃការចែងអាសនៈ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា មុនពេលដែលគណបក្សនយោបាយទាំងនោះ ដាក់សំណើកែប្រែ ឬមួយផ្លាស់ប្ដូរសមាសភាព គ.ជ.ប សុំឲ្យមើលច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយប្រសិនបើមិនបានមើលច្បាប់ទេនោះ ថាតើធ្វើយ៉ាងម៉េចត្រឹមត្រូវតាមគោលការណ៍ច្បាប់?។
ឯកឧត្តម សុខ ឥសាន មានប្រសាសន៍បន្តថា ការស្នើរបស់គណបក្សនយោបាយទាំងនោះ គ្រាន់តែអាចចាត់ទុកជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនមានប្រសិទ្ធភាពរហូតដល់ថ្នាក់ផ្លាស់ប្ដូរ ឬកែប្រែសមាសភាព គ.ជ.បទេ។ លោកថា «ពីព្រោះសមាសភាព គ.ជ.ប ពេលណាអវត្តមានដោយប្រការណាមួយ ឬមរណភាព ឬមួយបាត់បង់សមត្ថភាពការងារ អាហ្នឹងគេយន្ដការ នីតិវិធី ក្នុងការរៀបចំជ្រើសតាំងសមាសភាព មកជំនួសស្របទៅតាមគោលការណ៍ច្បាប់ មិនមែនចេះតែស្នើហើយ ចេះតែបានទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា មិនមែនជាអ្នកសម្រេចថា រៀបចំសមាសភាព គ.ជ.ប ឬមួយក៏ឲ្យមានការផ្លាស់ប្ដូរ ឬមិនឲ្យមានការផ្លាស់ប្ដូរទេ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាភាគីប្រកួតប្រជែងមួយនៅក្នុងដំណើរការបោះឆ្នោត។ លោក សុខ ឥសាន បានបន្ថែមទៀតថា «អញ្ចឹងទេ យើងអត់មានសិទ្ធិដើម្បីស្នើ ឬមួយក៏សម្រេចលើកិច្ចការផ្លាស់ប្ដូរ ឬរៀបចំសមាសភាព គ.ជ.បទេ ពីព្រោះសមាសភាព គ.ជ.ប ដែលត្រូវជ្រើសតាំងឡើងនេះ វាកើតឡើងដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប»។