ខេត្តកណ្តាល ៖ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
បន្ទាប់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអានសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ រួចមក ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរ ក្នុងរយៈកាលកន្លងទៅនេះ។
ជាមួយគ្នានោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជនដែល សម្ដេច មានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ ឱ្យបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេច សូមអំពាវនាវដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។
សូមបញ្ជាក់ថា ក្នុងពិធីនេះ អតីតយុទ្ធជន និងគ្រួសារ ចូលរួមសរុប ៣៦០នាក់ មកពីក្រុងតាខ្មៅ ក្នុងនោះ មន្ទីរសង្គមកិច្ច ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៣០០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៦០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល សរុបនិង ៣៦០នាក់ ស្មើនិងថវិកា១៨.០០០.០០០រៀល និងក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ ,មីមួយកេស ,ទឹកត្រីមួយយួរ ,ទឹកស៊ីអ៊ីវមួយយួរ ,ត្រីខមួយយួរ ,ម៉ាស់មួយដុំ ផងដែរ៕











