មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអភិបាលក្រុង/ស្រុក ដែលជាសមាជិក នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលប្រព្រឹត្តទៅ នៅសាលាខេត្ត។
ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ ឯកឧត្តម ស្នើឱ្យគណៈកម្មាធិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង/ស្រុក និងសមត្ថកិច្ច ដែលជាសមាជិក ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់អតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសត្រូវពិនិត្យមើលលទ្ធភាព ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រពិតប្រាកដ យ៉ាងហោចណាស់ក្នុង ១ឆ្នាំ ឱ្យបាន ២ខ្នងផ្ទះ ដើម្បីធ្វើយ៉ាងណា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានណែនាំដល់គណៈកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្ត និងសមាជិកទាំងអស់ ត្រូវបន្តចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាព ជីវភាព សុខភាព និងមានវិធានការជួយដល់ពួកគាត់ មានបញ្ហាឲ្យបានទាន់ពេលវេលា។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ត្រឹមខែ១២ ឆ្នាំ២០២១ ចំនួនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី សរុបចំនួន ២៩១នាក់ ក្នុងនោះមាន៖ និវត្តជន ចំនួន ២២៧នាក់ , ជនពិការ ៣៦នាក់ , ជនបាត់បង់ ០៣នាក់ , គ្រួសារពលី ១៧នាក់ , គ្រួសារមរណៈ ០៨នាក់។ លោក បញ្ជាក់ថា សកម្មភាពការងារ អនុវត្តចំនួន ៣៦លើក ក្នុងនោះ បានប្រគល់ថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសព ១២លើក ស្មើ១២សព បានចុះសួរសុខទុក្ខសមាជិក អតីតយុទ្ធជនកម្ពុជាខេត្ត តាមគេហដ្ឋាន និងជូនអំណោយដល់សមាជិកដែលទីទ័លក្រ បាន៨លើក ស្មើ ៨គ្រួសារ។ បានសាងសង់ផ្ទះជូនដល់សមាជិកក្រីក្រចំនួន ០៤ខ្នងផ្ទះ , បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះប្រគល់ថវិកាធានារ៉ាប់រងសង្គមជូនគ្រួសារសពចំនួន ០៩លើក ស្មើនឹង ០៩គ្រួសារ , បានសហការជាមួយមន្ទីរសុខាភិបាល ចុះចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន លើកទី១-២ ចំនួន ២៨៥នាក់ លើកទី៣ បានចំនួន ២០០នាក់៕








