លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូចដែលលួចឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋ​ដោយខុសច្បាប់

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុម​ការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូច ដែលលួចឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំនុចអូរកប់អង្ករ ភូមិ​អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ប៉ៃលិន ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុម​ការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូច ដែលលួចឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំនុចអូរកប់អង្ករ ភូមិ​អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញអោយមន្ត្រីជំនាញ និងអាជ្ញាធរ​មូល​ដ្ឋាន​គ្រប់ ជាន់ថ្នាក់ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណា ដែល​កំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដីភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋនេះ ដើម្បីយក​មក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅនោះទេ ដីព្រៃភ្នំ​នៅតំបន់នេះ នឹងរងការឈូសឆាយទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ត្រូវ​បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងច្បាប់ និងគុណសម្បត្តិនៃដីព្រៃភ្នំធម្មជាតិ ដើម្បី​ចៀសវាងពួកគាត់ធ្វើការកាប់ទន្ទ្រាន ឈូលឆាយដីព្រៃតំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និង​ណែនាំ​ដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវធ្វើការចុះហត្ថលេខាឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិ ដែលប្រើ​ប្រាស់​​​ដីព្រៃ​របស់រដ្ឋឡើយបើពុំនោះទេ អាជ្ញាធរភូមិ ឃុំនិងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុ​សត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំងអស់​គ្នាក្នុងការថែរក្សានូវព្រៃឈើ និងភ្នំដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បី​​​ទុកជាប្រយោជន៍សម្រាប់ជាតិ និងសហគមន៍របស់យើងពិសេសថែរក្សាទុកអោយបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់អំពីព្រៃឈើ និងភ្នំនានាដែលជាទ្រព្យសម្បត្តិ​ធម្មជា​តិមិនអាចកាត់ថ្លៃបាន ។

សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងរំលោភបំពានដីរដ្ឋ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានរៀបចំក្រុមការងារដែលមានមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការវាស់វែងកំណត់ព្រំប្រទល់ដីព្រៃភ្នំជាកម្មសិទ្ធិរបស់រដ្ឋអោយបានច្បាស់លាស់ ចៀសវាងមាន​ជនឆ្លៀតឱកាសលួចធ្វើការឈូសឆាយទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធបុគ្គលជាបន្តទៀត៕

Leave a Reply