នាថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ កីឡាករឈ្នះមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) ឆ្នាំ២០២២ ក្នុងប្រទេសវៀតណាមរួមជាមួយនឹងការដង្ហែក្បួន ដើម្បីអបអរសាទរដល់កីឡាករក្នុងខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ខ្ញុំពិតជាមានមោទនភាពចំពោះក្មួយៗជាកីឡាករ ដែលមានស្រុកកំណើតនៅខេត្តកោះកុងផ្ទាល់ ដែលទទួលបានមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) ឆ្នាំ២០២២ក្នុងប្រទេសវៀតណាម។ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ពិតជាមានក្តីរំភើបរីករាយជាមួយក្មួយៗ ជាកីឡាករទាំងអស់ ដែលបានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ដែលនាំកិត្តិយសសម្រាប់ជាតិ និងប្រជាជនទាំងអស់។ សូមក្មួយៗ ជាកីឡាករទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់បន្តទៀត ដើម្បីចូលរួមសម្រាប់ជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខបន្តលើកមុខមាត់ខេត្តកោះកុងយើងបន្តទៀត និងបន្តជម្រុញលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមលេងកីឡា ដើម្បីចូលរួមប្រកួតប្រជែងផង និងដើម្បីសុខភាពផង ជៀសវាងការប្រើប្រាស់គ្រឿងញៀន៕
















