( ត្បូងឃ្មុំ )៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ ដើម្បីពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍ របស់រដ្ឋបលាខេត្ត និងក្រុមប្រឹក្សាខេត្ត ពិសេសគឺធ្វើឡើងសម្រាប់ស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត និងសមាសភាពអ្នកចូលរួមទាំងអស់ កែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរចំពោះគណះអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏វាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការដែល រដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោត អ្នកអង្កេតការណ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ដែលបានអញ្ជើញទៅបោះឆ្នោត អនុវត្តនូវសិទ្ធិ និងករណីកិច្ចជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍមូលដ្ឋានឃុំ/សង្កាត់ និងប្រទេសជាតិឲ្យមានការរីកចម្រើន សម្បូរសប្បាយរុងរឿងជានិរន្តរ៍ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ នាឱកាសនេះ បានធ្វើការ ពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន០៦ចំនុច រួមមាន៖
១.សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២.សេចក្ដីព្រាងរបាយការណ៍ រីកចម្រើនប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣.សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល ១២ខែ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៤.ការងារបោះឆ្នោតតែងតាំងមន្ត្រីរាជការសាលាខេត្ត
៥.សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ
៦.បញ្ហាផ្សេងៗ
-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ៕







