ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍ និងមានភាពចាស់ទុំខាងនយោបាយ ដោយសារធ្លាប់ឆ្លងកាត់ការបោះឆ្នោតច្រើនដងមកហើយ។ ក្នុងនោះការបោះឆ្នោតឃុំសង្កាត់បានចំនួនបួនដង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានប្រាំមួយដង ។ ហេតុនេះរាល់យុទ្ធនាការឃោសនាបោះឆ្នោតមិនមានអ្វីប្លែកទេ គឺរក្សានៅគោលការណ៍ច្បាប់ គោរពគោលការណ៍បទបញ្ជា នីតិវិធី ក៏ដូចជាបទបញ្ជានានាដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ AMS នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ទៀតថា “គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចរាប់សិបឆ្នាំមកហើយ ។ ខ្លឹមសារកម្មវិធីនយោបាយមិនមានអ្វីប្រែប្រួលទេ ។បន្តកែលំអកម្មវិធីនយោបាយដែលបានដាក់ចេញ និងបានអនុវត្តរួចហើយឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងមានប្រសិទ្ធភាពក្នុងការកសាងអភិវឌ្ឍន៍ប្រទេស ភូមិ ឃុំ សង្កាត់របស់យើង ឲ្យកាន់តែមានលក្ខណៈល្អប្រសើរជាងរយៈពេលកន្លងទៅនេះ និងកែលំអចំណុចណាដែលខ្វះខាត ចំណុចណាដែលមិនទាន់សុក្រឹតភាព ធ្វើយ៉ាងម៉េចឲ្យមានសុក្រឹតភាព ក្នុងទិសដៅតែមួយទេ គឺដើម្បីកសាងអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់របស់យើងឲ្យកាន់តែជាភូមិឃុំដែលមានសុវត្ថិភាពលើគ្រប់វិស័យ”។
ទាក់ទងការឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋ ឯកឧត្តម សុខ ឥសាន បានអះអាងថា ដោយសារតែប្រជាពលរដ្ឋទទួលបានមនុញ្ញផល នៃការកសាងអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជាមានលក្ខណៈងាយស្រួលច្រើន ដោយសារប្រជាពលរដ្ឋមើលឃើញច្បាស់នឹងភ្នែកនូវស្នាដៃកសាងអភិវឌ្ឍន៍ប្រទេសក្នុងការបម្រើជាតិ និងប្រជាជន។ ជាពិសេសប្រជាជនដែលជាម្ចាស់ឆ្នោតកំពុងបានទទួលនូវមនុញ្ញផល នៃសមិទ្ធផលទាំងឡាយដែលកសាងដោយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមយល់ថា ប្រជាជនមានមោទនភាពដែលបានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៅទៀត និង មានសុទិដ្ឋនិយមថា ប្រជាពលរដ្ឋមានមនោសញ្ចេតនា ក៏ដូចជាទឹកចិត្តឆន្ទៈមោះមុតក្នុងការបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនបន្តបេសកកម្មដឹកនាំប្រទេសជាតិតទៅទៀត៕