ភ្នំពេញ៖ ក្នុងសារលិខិតចុះថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជាបានសម្ដែងការគោរព និងដឹងគុណដល់ជនរួមជាតិ ដែលបានគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្ដេចតេជោជាប្រធានធ្វើឱ្យគណបក្ស ក៏ដូចជាសម្ដេចផ្ទាល់អាចបំពេញភារកិច្ចជូនជាតិ និងប្រជាជនប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនាពេលបច្ចុប្បន្ន។
សម្ដេចតេជោក្នុងនាមគណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីក ចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
ប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន ថា៖ «រយៈពេល ៤៣ឆ្នាំកន្លងទៅនេះបន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យ ឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំង ស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបាន សមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ»។
សម្ដេចតេជោ បានបន្ថែមថាបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាពនិងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។
នៅក្នុងដំណើររីកចម្រើនរបស់ជាតិនេះ ការអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ បានទទួលលទ្ធផលដ៏ល្អប្រសើរដែលធ្វើឱ្យគ្រប់ឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលថ្មី។ ភូមិ ឃុំ សង្កាត់កាន់តែមានសុវត្ថិភាព, ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យចាក់ឬសកាន់តែជ្រៅក្នុងមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាជនត្រូវ បានគោរព និងការពារយ៉ាងម៉ឺងម៉ាត់។ នេះបើតាមសារលិខិតរបស់សម្ដេចប្រធានគណបក្ស។
សម្ដេចតេជោ បានបញ្ជាក់ថា ប្រជាជនគ្រប់ៗរូបបានទទួលផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ទាំងក្នុងការបង្កើត ពង្រីកមុខរបរ និងការងារ ជំរុញវិស័យកសិកម្ម ការមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងឃុំសង្កាត់ ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាត និងថាមពលអគ្គិសនី។ល។
ព្រមជាមួយនេះ ក្នុងពេលប្រទេសជាតិត្រូវរងគ្រោះដោយការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ប្រជាជននៅគ្រប់មូលដ្ឋានបានទទួល ការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ និងបានទទួលការជួយគាំពារ និងឧបត្ថម្ភពីរាជរដ្ឋាភិបាលទាន់ពេលវេលា ដែលបានការពារអាយុជីវិតប្រជាជនធ្វើឱ្យជីវភាពប្រជាជនមានលំនឹងនិងប្រកបមុខរបរបានជាធម្មតា។
សម្ដេចតេជោ បានអំពាវនាវដល់ជនរួមជាតិដែលបានឃើញច្បាស់រួចហើយនូវសកម្មភាព សមិទ្ធផល និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានគ្រប់គ្នានៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ៕