ភ្នំពេញៈ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២បានចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២នេះ ។ យុទ្ធនាការឃោសនានេះមានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០ យប់ ដល់ម៉ោង ៦ព្រឹក។នៅក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះមានគណបក្សនយោបាយចំនួន ១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្ត្រីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងនេះគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស។
ប្រភពគ.ជ.ប បញ្ជាក់ថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលមានសិទ្ធិទៅបោះឆ្នោតជ្រើសរើក្រុមប្រឹក្សា ឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានចំនួន ៩.២០៥.៦៨១នាក់ ក្នុងនោះ មានស្ត្រីចំនួន ៤,៩០៤,៨៣២នាក់។ រីឯការិយាល័យបោះឆ្នោតសរុបមានចំនួន ២៣.៦០២ការិយាល័យ នៅក្នុងឃុំសង្កាត់ចំនួន ១.៦៥២ក្នុងរាជធានីខេត្តទាំង២៥ ទូទាំងប្រទេស។ទន្ទឹមនេះមានសមាគម និង អង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំពីរបានដាក់ពាក្យសុំសង្កេតការណ៍និងអ្នកសង្កេតការណ៍ចំនួន ២៧.៩២៨រូប(ស្រី ១៦.៦២៣រូប)។
បើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ AMS កន្លងទៅថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតជាង ១១លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។
ចំណែកបញ្ហាទឹកខ្មៅជ្រលក់ដៃវិញ ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទទួលគុណភាពទឹកខ្មៅពីក្រុមហ៊ុនរបស់ឥណ្ឌាចំនួន ៤កម្រិត គឺកម្រិតទី១. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០ភាគរយ ។ កម្រិតទី២. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៨ភាគរយ ។ កម្រិតទី៣. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៥ភាគរយ និងកម្រិតទី៤. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១០ភាគរយ ។ ដោយពិនិត្យទៅលើលក្ខខណ្ឌបច្ចេកទេស គឺកម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០ភាគរយ មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ត្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសំអាតឲ្យបានស្អាតល្អភ្លាមៗ នោះទេ។ ទឹកខ្មៅនេះមានគុណភាពប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែលគ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចបានទាំងគុណភាពប្រើប្រាស់និងអាចធានាបានទាំងសុខភាពអ្នកប្រើប្រាស់។ ទឹកខ្មៅលុបលាងមិនជ្រះនេះ មានសុពលលភាពបួនខែ គិតចាប់ពីថ្ងៃផលិត។
អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ចំពោះការបញ្ជាទិញទឹកខ្មៅលុបលាងមិនជ្រះនេះ គ.ជ.ប បញ្ជាទិញពីក្រុមហ៊ុនរបស់ឥណ្ឌាឈ្មោះ MYSORE PAINT & VARNISH LTD មានចំនួន ៥២.០០០ដប ដោយក្នុងមួយដបមានចំណុះ ៧.៧០មីលីលីត្រ ដោយក្នុងមួយដបថ្ងៃ ១៨ដុល្លារ១៥សេន ។ទឹកខ្មៅលុបលាងមិនជ្រះនេះ បានដឹកនាំមកដល់កម្ពុជាហើយនិងបានរក្សាទុកនៅឃ្លាំងរបស់គ.ជ.ប និងទីតាំងដែលមានសុវត្ថិភាព។ នៅថ្ងៃទី១៣ ខែឧសភា គ.ជ.បក៏បានប្រារព្ធជាផ្លូវការនូវបង្ហាញអំពីការសាកល្បង និងគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះជូនដល់ភាគីពាក់ព័ន្ធ។
បើយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបង្ហាញថា ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ។ នៅថ្ងៃទី៤ ខែមិថុនា ការបិទផ្សាយបញ្ជីបោះឆ្នោតនៅការិយាល័យបោះឆ្នោត។ នៅថ្ងៃទី៥ ខែមិថុនាការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោត។ នៅថ្ងៃទី៥-៦ ខែមិថុនា ការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតដោយ គ.ជ.ប។ នៅថ្ងៃទី៦-៨ ខែមិថុនា ការត្រួតពិនិត្យ ការបូកសរុប និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ។ នៅថ្ងៃទី១១ ខែមិថុនា ការប្តឹងជំទាស់លើលទ្ធផលបណ្តោះអាសន្ននៅតាមឃុំសង្កាតើទៅ គធ.ខប រយៈពេលបីថ្ងៃ៕








