រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឱ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។ ចំណែកទូតបារាំង បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋបារាំង និងខ្មែរសញ្ជាតិបារាំង ដែលត្រូវបោះឆ្នោត នៅស្ថានទូតបារាំង នាថ្ងៃអាទិត្យ ទី៥មិថុនាខាងមុខនេះ។
ការស្នើសុំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលលោក បានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែង នៅរាជធានីភ្នំពេញ។
ដោយឡែក នៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះលោកស្នើសុំអោយបារាំងជួយរាជធានីភ្នំពេញ ក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់។ ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី។
បន្ថែមពីលើនេះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូត ត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយ រដ្ឋបាលរាជធានីភ្នំពេញ និងជួយសម្រួលគ្រប់ការងារ ដែលស្ថានទូតបារាំង ត្រូវការផងដែរ។
ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់របបប៉ុលពត ហើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។
លោក ហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។
លោកបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។ ចំណែកប្រទេសបារាំង ក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោកស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោតផង។
លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ អោយមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ បន្ថែមពីនេះលោក បានលើកឡើងពីគម្រោងសិក្សាកសាងនូវរទេះភ្លើងល្បឿនលឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល ១០ឆ្នាំហើយ៕







