វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅលើទឹកដីឯនាយសមុទ្រតបតាមការអញ្ជើញរបស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានបង្ហាញថាពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរបៀបនៃការដឹកនាំប្រទេសរបស់សម្តេច។
សម្តេចកំពុងត្រូវបានពិភពលោកចាត់ទុកជាគំរូនៃថ្នាក់ដឹកនាំដ៍អស្ចារ្យមួយរូបដែលបានទាញកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាម និងព្យាយាមបង្កើតសនិ្តភាព និងការអភិវឌ្ឍជូនប្រជាជាតិដូចសព្វថ្ងៃនេះ។
សម្លេងទះដៃអបអរសាទរនូវវត្តមានរបស់សម្តេចពីសំណាក់បងប្អូននៅក្រៅប្រទេស បានអង្រួនបេះដូងពិភពលោកឲ្យបានយល់ពីតម្លៃនៃសាមគ្គីភាព សីលធម៍ និងការរួបរួមគ្នាទាំងក្នុង និងក្រៅប្រទេស ទើបប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ។
នៅលើឆាកអន្តរជាតិ សម្តេចបានតំណាងឲ្យកូនខ្មែរមួយរូបដែលបានឈរយ៉ាងរឹងមាំ ពោរពេញដោយមោទនភាព ដោយសម្តេចត្រូវបានអញ្ជើញឲ្យចូលរួមគ្រប់វេទិកា អង្គប្រជុំអន្តរជាតិនានានៅជុំវិញសកលលោក។
ជារឿងគួរឲ្យសោកស្តាយបំផុតខណៈពេលដែលក្រសែភ្នែកមនុស្សរាប់លាននាក់កំពុងតែសម្លឹងមើលមិនដាក់ភ្នែកនូវជំហានដល់អស្ចារ្យរបស់កូនខ្មែរម្នាក់នេះ បែរជាមានពួកជ្រុលនិយមក្តាប់តូច ដែលតាំងខ្លួនជាគណបក្សដែលស្រលាញ់ប្រជាធិបតេយ្យ ស្អប់អំពើហិង្សា ស្អប់ការប្រើប្រាស់កំលាំងបាយដើម្បីដោះស្រាយបញ្ហា បែរជាប្រើប្រាស់មនុស្សល្ងីល្ងើមា្នក់មកប្រព្រឹត្តអំពើអសីលធម៍ មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
អំពើបែបនេះបែរជាមិនបានទទួលការគាំទ្រ តែបែរក្លាយជារឿងអាម៉ាសបំផុត វាឆ្លុះបញ្ចាំងអំពីចរិតល្ងង់ខ្លៅ ប្រព្រឹត្តទង្វើអសីលធម៍ ដែលមិនមែនជាទង្វើប្រពឹត្តដោយមនុស្ស។
គណបក្សប្រជាជនកម្ពុជា មិនគាំទ្រចំពោះទង្វើទាំងឡាយណាដែលបានប្រព្រឹត្តប្រាស់ចាកពីសីលធម៍ ទោះក្នុងរូបភាពណាក៏ដោយ ហើយរឹតតែមិនអាចទទួលយកបានអំពីការប្រព្រឹត្តមិនសមរម្យណាមួយមកលើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់គ្នានឹងចងចាំមិនភ្លេចចរិតជ្រុលនិយមរបស់ក្រុមនេះឡើយ។ សមាជិក សមាជិកា គណបក្សប្រជាជន ត្រូវចងចាំថាអ្នកណាធ្វើ អ្នកនេះទទួល។









