តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងប្រជុំជាមួយក្រុមការងារកិច្ចចាក់វ៉ាក់សាំងយុទ្ធភូមិភាគទី៣ រួមនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្ដីពីការពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ១៩ជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមនិងមន្រ្តីពាក់ព័ន្ធត្រូវធ្វើចលនាអប់រំផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតលើការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ និងទី៤ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីត១៩។
ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងពង្រឹងការងារលើការចាក់វ៉ាក់សាំងកូវីដ១៩ ដូសលើកទី៣ លើកទី៤ ដល់បងប្អូនប្រពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រប់គ្នាម្នាក់ៗអាចការពារបានពីការឆ្លងពីជំងឺកូវីដ១៩ និងដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត គិតមកដល់ថ្ងៃនេះសម្រាប់ខេត្តតាកែវ ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងដូសលើកទី១ និងលើកទី២ បានចំនួនជាង៧០ម៉ឺននាក់ និងអ្នកចាក់ដូសទី៣ និងទី៤ បានចំនួនជាង ១០ម៉ឺននាក់ ហើយបច្ចុប្បន្ននេះក្រុមគ្រូពេទ្យក៍កំពុងតែបន្តសកម្មភាពចាក់ដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ៕






